ព្រះត្រៃបិដក ភាគ ១៦
[១០៦] ម្នាលអានន្ទ សម័យមួយ តថាគតនៅក្នុងគោតមកចេតិយ ជិតក្រុងវេសាលីនេះឯង។បេ។ តថាគត នៅក្នុងសត្តម្ពចេតិយ ជិតក្រុងវេសាលីនេះឯង។ តថាគតនៅក្នុងពហុបុត្តចេតិយ ជិតក្រុងវេសាលីនេះឯង។ តថាគតនៅក្នុងសារន្ទទចេតិយ ជិតក្រុងវេសាលីនេះឯង។ ម្នាលអានន្ទ ក្នុងកាលឥឡូវនេះ តថាគតនៅក្នុងបាវាលចេតិយ ក្នុងថ្ងៃនេះ បានប្រាប់អ្នកថា ម្នាលអានន្ទ ក្រុងវេសាលី ជាទីគួរត្រេកអរ ឧទេនចេតិយ ជាទីគួរត្រេកអរ គោតមកចេតិយ ជាទីគួរត្រេកអរ សត្តម្ពចេតិយ ជាទីគួរត្រេកអរ ពហុបុត្តចេតិយ ជាទីគួរត្រេកអរ សារន្ទទចេតិយ ជាទីគួរត្រេកអរ បាវាលចេតិយ ជាទីគួរត្រេកអរ ម្នាលអានន្ទ ឥទ្ធិបាទទាំង៤ បើបុគ្គលណាមួយ បានចំរើនហើយ បានធ្វើច្រើនហើយ បានធ្វើឲ្យដូចជាយានហើយ បានធ្វើឲ្យជាទីនៅហើយ បានតាំងទុករឿយៗហើយ បានសន្សំទុកហើយ បានប្រារព្ធដោយល្អហើយ បុគ្គលនោះ បើប្រាថ្នានឹងឋិតនៅ គប្បីឋិតនៅអស់១អាយុកប្ប ឬលើសជាង១អាយុកប្បក៏បាន។ ម្នាលអានន្ទ ឯឥទ្ធិបាទទាំង៤ តថាគតបានចំរើនហើយ បានធ្វើឲ្យច្រើនហើយ បានធ្វើឲ្យដូចជាយានហើយ បានធ្វើឲ្យជាទីនៅហើយ
ID: 636814418686836599
ទៅកាន់ទំព័រ៖