ព្រះត្រៃបិដក ភាគ ១៦
បានតាំងទុករឿយៗហើយ បានសន្សំទុកហើយ បានប្រារព្ធដោយល្អហើយ ម្នាលអានន្ទ បើតថាគត ប្រាថ្នានឹងឋិតនៅ គប្បីឋិតនៅអស់១អាយុកប្ប ឬលើសជាង១អាយុកប្បក៏បាន ម្នាលអានន្ទ កាលបើតថាគត ធ្វើនិមិត្តជាឱឡារិក ធ្វើឱភាស ជាឱឡារិក យ៉ាងនេះហើយ ក៏អ្នកនៅតែមិនអាចនឹងយល់សេចក្តីច្បាស់លាស់បាន មិនអារាធនាតថាគតថា សូមព្រះមានព្រះភាគ ទ្រង់ឋិតនៅអស់១អាយុកប្ប សូមព្រះសុគត ទ្រង់ឋិតនៅអស់១អាយុកប្ប ដើម្បីប្រយោជន៍ដល់ជនច្រើន ដើម្បីសេចក្តីសុខដល់ជនច្រើន ដើម្បីអនុគ្រោះ ដល់សត្វលោក ដើម្បីសេចក្តីចំរើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ ដូច្នេះសោះ ម្នាលអានន្ទ បើអ្នកអារាធនាតថាគត តថាគត គប្បីឃាត់ពាក្យរបស់អ្នក ត្រឹមតែពីរដងប៉ុណ្ណោះ គង់នឹងទទួលអារាធនា ក្នុងវារៈជាគំរប់៣ដងមិនខាន ម្នាលអានន្ទ ព្រោះហេតុដូច្នោះ នេះជាអំពើទាស់របស់អ្នកហើយ នេះជាកំហុសរបស់អ្នកហើយ ម្នាលអានន្ទ តថាគតប្រាប់អ្នកជាមុនហើយ យ៉ាងនេះថា សេចក្តីព្រាត់ប្រាស សេចក្តីវិនាស សេចក្តីប្រែប្រួលចាកសត្វ និងសង្ខារជាទីស្រឡាញ់ ជាទីពេញចិត្តទាំងអស់ តែងមានជាធម្មតា ម្នាលអានន្ទ ព្រោះហេតុនោះ បុគ្គលគប្បីបាននូវសេចក្តីទៀងទាត់ មិនព្រាត់ប្រាស ក្នុងខន្ធប្រវត្តិនេះអំពីទីណា ធម្មជាតណា កើតឡើងហើយ
ID: 636814419021375734
ទៅកាន់ទំព័រ៖