ព្រះត្រៃបិដក ភាគ ១៦
ម្នាលភិក្ខុទាំងឡាយ តថាគតក្តី អ្នកទាំងឡាយក្តី ដែលអន្ទោលទៅ ត្រាច់រង្គាត់ទៅ អស់កាលជាយូរអង្វែងយ៉ាងនេះ ព្រោះតែមិនបានត្រាស់ដឹង មិនបានចាក់ធ្លុះនូវអរិយបញ្ញា។ ម្នាលភិក្ខុទាំងឡាយ តថាគតក្តី អ្នកទាំងឡាយក្តី ដែលអន្ទោលទៅ ត្រាច់រង្គាត់ទៅ អស់កាលជាយូរអង្វែងយ៉ាងនេះ ព្រោះតែមិនបានត្រាស់ដឹង មិនបានចាក់ធ្លុះនូវអរិយវិមុត្តិ។ ម្នាលភិក្ខុទាំងឡាយ អរិយសីលនោះឯង ដែលបុគ្គលបានត្រាស់ដឹង បានចាក់ធ្លុះហើយ អរិយសមាធិ ដែលបុគ្គលបានត្រាស់ដឹង បានចាក់ធ្លុះហើយ អរិយបញ្ញា ដែលបុគ្គលបានត្រាស់ដឹង បានចាក់ធ្លុះហើយ អរិយវិមុត្តិ ដែលបុគ្គលបានត្រាស់ដឹង បានចាក់ធ្លុះហើយ ភវតណ្ហា គឺសេចក្តីប្រាថ្នាក្នុងភព ក៏សូន្យទៅ ខ្សែ គឺតណ្ហា ដែលអាចនាំសត្វអំពីភពមួយ ទៅភពមួយ ក៏អស់ទៅ ភពថ្មីទៀត ក៏មិនមានក្នុងកាលឥឡូវនេះឡើយ។ ព្រះមានព្រះភាគ ទ្រង់មានព្រះបន្ទូលដូច្នេះហើយ ព្រះសុគត ជាសាស្តា លុះទ្រង់មានព្រះបន្ទូលដូច្នេះហើយ ក៏ទ្រង់ត្រាស់ដូច្នេះតទៅទៀតថា
ID: 636814421189839763
ទៅកាន់ទំព័រ៖