ព្រះត្រៃបិដក ភាគ ១៦
[១១៣] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ គប្បីពោលយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ពាក្យនុ៎ះ ខ្ញុំបានស្តាប់ បានទទួលចំពោះព្រះភក្ត្រ នៃព្រះមានព្រះភាគថា នេះជាធម៌ នេះជាវិន័យ នេះជាពាក្យប្រៀនប្រដៅរបស់ព្រះសាស្តា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ កុំអាលត្រេកអរ កុំអាលឃាត់ភាសិតរបស់ភិក្ខុនោះឡើយ។ លុះអ្នកទាំងឡាយ មិនទាន់ត្រេកអរ មិនទាន់ឃាត់ហើយ ត្រូវរៀននូវបទ និងព្យញ្ជនៈទាំងនោះឲ្យចាំល្អ ហើយស្ទាបស្ទង់មើលក្នុងព្រះសូត្រ ប្រៀបធៀបមើលក្នុងព្រះវិន័យ។ បទ និងព្យញ្ជនៈទាំងនោះ កាលបើអ្នកទាំងឡាយ ស្ទាបស្ទង់មើលក្នុងព្រះសូត្រ ប្រៀបធៀបមើលក្នុងព្រះវិន័យទៅហើយ មិនប្រជុំចុះ គឺមិនមានក្នុងព្រះសូត្រផង មិនប្រាកដក្នុងព្រះវិន័យផងទេ។ អ្នកទាំងឡាយ គប្បីដល់នូវសេចក្តីចូលចិត្តក្នុងពាក្យនេះថា នេះមិនមែនជាព្រះពុទ្ធដីកា របស់ព្រះមានព្រះភាគនោះទេ ជាពាក្យដែលភិក្ខុនេះ រៀនខុសដោយពិត ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ អ្នកទាំងឡាយ ត្រូវចោលពាក្យនុ៎ះចេញ។ បទ និងព្យញ្ជនៈទាំងនោះ កាលបើអ្នកទាំងឡាយ ស្ទាបស្ទង់មើលក្នុងព្រះសូត្រ ប្រៀបធៀបមើលក្នុងព្រះវិន័យទៅហើយ ក៏ប្រជុំចុះ ក្នុងព្រះសូត្រផង ប្រាកដក្នុងព្រះវិន័យផង។
ID: 636814422097781694
ទៅកាន់ទំព័រ៖