ព្រះត្រៃបិដក ភាគ ១៦
កាលបើអ្នកទាំងឡាយ ស្ទង់មើលក្នុងព្រះសូត្រ។បេ។ ប្រាកដក្នុងព្រះវិន័យ។ អ្នកទាំងឡាយ គប្បីដល់នូវសេចក្តីចូលចិត្តក្នុងពាក្យនេះថា នេះជាព្រះពុទ្ធដីកា របស់ព្រះមានព្រះភាគនោះ ដែលព្រះថេរៈទាំងនោះ រៀនត្រូវល្អហើយដោយពិត ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីចាំទុកនូវមហាបទេសជាគំរប់៣នេះចុះ។
[១១៦] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ គប្បីពោលយ៉ាងនេះថា ភិក្ខុជាថេរៈ នៅក្នុងអាវាសឯណោះ ជាពហុស្សូត ចេះចាំក្នុងគម្ពីរនិកាយ ទ្រទ្រង់ធម៌ ទ្រទ្រង់វិន័យ ទ្រទ្រង់មាតិកា ខ្ញុំបានស្តាប់ បានទទួលចំពោះមុខព្រះថេរៈអង្គនោះថា នេះជាធម៌ នេះជាវិន័យ នេះជាពាក្យប្រៀនប្រដៅរបស់ព្រះសាស្តា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ កុំអាលត្រេកអរ កុំអាលឃាត់នូវភាសិតរបស់ភិក្ខុនោះឡើយ។ លុះអ្នកទាំងឡាយ មិនទាន់ត្រេកអរ មិនទាន់ឃាត់ហើយ គប្បីរៀននូវបទ និងព្យញ្ជនៈទាំងនោះឲ្យចាំល្អ ហើយស្ទង់មើលក្នុងព្រះសូត្រ ប្រៀបធៀបមើលក្នុងព្រះវិន័យ។ បទ និងព្យញ្ជនៈទាំងនោះ កាលបើអ្នកទាំងឡាយ ស្ទង់មើលក្នុងព្រះសូត្រ ប្រៀបធៀបមើលក្នុងព្រះវិន័យទៅហើយ មិនប្រជុំចុះក្នុងព្រះសូត្រផង មិនប្រាកដក្នុងព្រះវិន័យផងទេ។
ID: 636814422951530526
ទៅកាន់ទំព័រ៖