ព្រះត្រៃបិដក ភាគ ១៦

និមន្ត​ ​ដោយ​តុណ្ហីភាព​។​ ​លុះ​នាយ​ចុន្ទ​កម្មា​របុ​ត្ត​ ​បានដឹង​ច្បាស់​ថា​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ទទួល​និមន្ត​ហើយ​ ​ក៏​ក្រោក​ចាកទី​អង្គុយ​ ​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ធ្វើ​ប្រទក្សិណ​ ​ហើយ​ចេញទៅ​។​ ​លុះ​កន្លង​រាត្រី​នោះ​ទៅ​ហើយ​ ​ទើប​នាយ​ចុន្ទ​កម្មា​របុ​ត្ត​ ​ក៏​ឲ្យ​គេ​ចាត់ចែង​ខាទនីយ​ ​ភោជនីយាហារ​ ​មាន​រស​ដ៏​ពីសា​ ​ព្រមទាំង​សូករមទ្ទវៈ​(​១​)​ ​ដ៏​ច្រើន​ ​ក្នុង​ផ្ទះ​របស់​ខ្លួន​ ​ហើយ​ឲ្យ​គេ​ទៅ​ក្រាបទូល​ភត្តកាល​ ​ចំពោះ​ព្រះមានព្រះភាគ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កាលគួរ​ហើយ​ ​ភត្ត​សម្រេច​ហើយ​។​ ​គ្រានោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ស្បង់​ ​ប្រដាប់​បាត្រ​ ​និង​ចីវរ​ ​ក្នុង​បុព្វណ្ហសម័យ​ ​ហើយ​ស្តេច​ចូល​ទៅកាន់​លំនៅ​របស់​នាយ​ចុន្ទ​កម្មា​របុ​ត្ត​ ​ព្រមដោយ​ភិក្ខុសង្ឃ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​គង់​លើ​អាសនៈ​ដែលគេ​ក្រាល​ថ្វាយ​។​ ​លុះ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់​រួចហើយ​ ​ក៏​ត្រាស់​នឹង​នាយ​ចុន្ទ​កម្មា​របុ​ត្ត​ថា​ ​ម្នាល​នាយ​ចុន្ទ​ ​សូករមទ្ទវៈ​ណា​ ​ដែល​អ្នក​តាក់តែង​ហើយ​ ​ចូរ​អ្នកអង្គាស​តថាគត​ដោយ​សូករមទ្ទវៈ​នោះ​ចុះ​ ​ឯ​ខាទនីយ​ភោជនីយាហារ​ដទៃ​ណា​ ​ដែល​អ្នក​តាក់តែង​ហើយ​ ​ចូរ​អ្នកអង្គាស​ភិក្ខុសង្ឃ​ ​ដោយ​ខាទនីយ​ភោជនីយាហារ​នោះ​ចុះ​។​ ​
​(​១​)​ ​ពាក្យ​ថា​ ​សូករមទ្ទវៈ​ ​បាន​ដល់​សាច់​ជ្រូក​ដែលគេ​ចិញ្ច្រាំ​ឲ្យ​ល្អិត​ទន់​ ​ហើយ​ចំអិន​ដោយ​ល្អ​។​ ​មួយទៀត​ថា​ ​សូករមទ្ទវៈ​នេះ​ ​ជា​ឈ្មោះ​ភោជន​ ​ដែល​តាក់តែង​ត្រូវ​តាម​តម្រា​នៃ​ម្ហូប​មាន​រស​ឆ្ងាញ់​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ២៦៨ | បន្ទាប់
ID: 636814423849711899
ទៅកាន់ទំព័រ៖