ព្រះត្រៃបិដក ភាគ ១៦
តថាគតនឹងឆាន់ទឹកបន្តិច។ ព្រះអានន្ទមានអាយុ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ជាគំរប់ពីរដងទៀតថា បពិត្រព្រះអង្គដ៏ចំរើន អម្បាញ់មិញនេះ រទេះចំនួន៥០០ គេបរឆ្លងទៅហើយ ទឹកនោះតិច កង់រទេះក៏កិន ល្អក់វឹកវរ ហូរមក បពិត្រព្រះអង្គដ៏ចំរើន ស្ទឹងកកុធៈជិតនៅនេះ មានទឹកថ្លា មានទឹកមានរសជាតិស្រួល មានទឹកត្រជាក់ មានទឹករង មានកំពង់ក៏ស្រួល ជាទីគួរត្រេកអរ ក្នុងស្ទឹងនុ៎ះ ព្រះមានព្រះភាគ នឹងសោយទឹកក៏បាន នឹងស្រង់ព្រះកាយ ឲ្យត្រជាក់ស្រួលក៏បាន។ ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងព្រះអានន្ទមានអាយុ ជាគំរប់បីដងទៀតថា ម្នាលអានន្ទ ចូរអ្នកទៅដងទឹកមកឲ្យតថាគតដោយឆាប់ ម្នាលអានន្ទ តថាគតស្រេកទឹកណាស់ តថាគតនឹងឆាន់ទឹកបន្តិច។ ព្រះអានន្ទមានអាយុ ក៏ទទួលព្រះបន្ទូលព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ ហើយក៏កាន់បាត្រ ដើរតម្រង់ទៅស្ទឹងនោះ។ លំដាប់នោះ ស្ទឹងតូច ដែលកង់កិន ល្អក់វឹកវរ ហូរមកនោះ កាលដែលព្រះអានន្ទមានអាយុ ចូលទៅដល់ហើយ ក៏ត្រឡប់ទៅជារងថ្លា មិនល្អក់ហូរមកវិញ។ ទើបព្រះអានន្ទមានអាយុ មានសេចក្តីត្រិះរិះដូច្នេះថា
ID: 636814425398910508
ទៅកាន់ទំព័រ៖