ព្រះត្រៃបិដក ភាគ ១៦
ឱហ្ន៎ ហេតុនេះជាអស្ចារ្យពេកណាស់ ឱហ្ន៎ ហេតុនេះចំឡែកពេកណាស់ ស្ទឹងតូចនេះឯង ដែលកង់កិន ល្អក់វឹកវរហូរមក កាលបើអាត្មាអញចូលមកដល់ ក៏ត្រឡប់ទៅជាទឹករងថ្លា ស្អាត មិនល្អក់ហូរមកវិញ ព្រោះព្រះតថាគតមានឫទ្ធិធំ មានអានុភាពធំ។ ព្រះអានន្ទ ក៏ដងទឹកដោយបាត្រ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ហេតុនេះ ជាអស្ចារ្យពេកណាស់ បពិត្រព្រះអង្គដ៏ចំរើន ហេតុនេះចំឡែកពេកណាស់ បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ ស្ទឹងតូច ដែលកង់កិន ល្អក់វឹកវរ កំពុងហូរមកនោះ កាលដែលខ្ញុំព្រះអង្គចូលទៅដល់ហើយ ក៏ត្រឡប់ទៅជាទឹករងថ្លា ស្អាត មិនល្អក់ហូរមកវិញ ព្រោះព្រះអង្គមានឫទ្ធិធំ មានអានុភាពធំ សូមព្រះមានព្រះភាគ ទ្រង់សោយព្រះសុទ្ធរស សូមព្រះសុគត ទ្រង់សោយព្រះសុទ្ធរស។ លំដាប់នោះ ព្រះមានព្រះភាគ ក៏ទ្រង់សោយព្រះសុទ្ធរស។
[១២០] សម័យនោះឯង មល្លបុត្ត (ព្រះរាជបុត្តនៃមល្លក្សត្រិយ៍) ព្រះនាមបុក្កុសៈ ជាសាវ័ករបស់អាឡារតាបស កាលាមគោត្ត ចេញអំពីក្រុងកុសិនារា ដើរទៅតាមផ្លូវឆ្ងាយ សំដៅទៅកាន់ក្រុងបាវា។
ID: 636814425692807318
ទៅកាន់ទំព័រ៖