ព្រះត្រៃបិដក ភាគ ១៦
បុក្កុសមល្លបុត្ត បានឃើញព្រះមានព្រះភាគ គង់ក្រោមម្លប់ឈើ១ លុះឃើញហើយ ក៏ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយគង់ក្នុងទីសមគួរ។ បុក្កុសមល្លបុត្ត លុះគង់ក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ហេតុនេះ អស្ចារ្យពេកណាស់ បពិត្រព្រះអង្គដ៏ចំរើន ហេតុនេះ ចំឡែកពេកណាស់ បពិត្រព្រះអង្គដ៏ចំរើន ពួកបព្វជិតតែងនៅដោយវិហារធម៌ ដ៏ស្ងប់រម្ងាប់ បពិត្រព្រះអង្គដ៏ចំរើន មានរឿងពីដើមថា អាឡារតាបស កាលាមគោត្ត ដើរទៅកាន់ផ្លូវឆ្ងាយ ហើយចេញអំពីផ្លូវ ចូលទៅអង្គុយសម្រាក នៅក្នុងវេលាថ្ងៃ ក្រោមម្លប់ឈើ១ នៅជិតផ្លូវ បពិត្រព្រះអង្គដ៏ចំរើន កាលនោះ មានរទេះចំនួន៥០០ កន្លងហួសទៅក្បែរៗ នឹងអាឡារតាបស កាលាមគោត្ត បពិត្រព្រះអង្គដ៏ចំរើន គ្រានោះ មានបុរសម្នាក់ដើរមក តាមក្រោយពួករទេះនោះ ចូលសំដៅទៅរកអាឡារតាបស កាលាមគោត្ត
ID: 636814426004645154
ទៅកាន់ទំព័រ៖