ព្រះត្រៃបិដក ភាគ ១៦
បពិត្រព្រះអង្គដ៏ចំរើន ចុះព្រះអង្គមានសញ្ញាដែរឬ។ ម្នាលអាវុសោ តថាគត មានសញ្ញាដែរ។ បពិត្រព្រះអង្គដ៏ចំរើន ព្រះអង្គមានសញ្ញា នៅភ្ញាក់រលឹក កាលដែលភ្លៀងកំពុងបង្អុរចុះ កាលដែលភ្លៀងកំពុងធ្វើសំឡេងឈូឆរ កាលដែលផ្លេកបន្ទោរកំពុងភ្លឺច្រវាត់ កាលដែលរន្ទះកំពុងបាញ់ ទ្រង់មិនបានឃើញ ទាំងមិនបានឮសូរសំឡេងទេឬ។ អើអាវុសោ។ ម្នាលបុក្កុសៈ គ្រានោះ បុរសនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា ឱហ្ន៎ ហេតុនេះ ជាអស្ចារ្យពេកណាស់ ឱហ្ន៎ ហេតុនេះ ចំឡែកពេកណាស់ ឱហ្ន៎ ពួកបព្វជិត តែងនៅដោយវិហារធម៌ដ៏ស្ងប់រម្ងាប់មែន ព្រោះថា បុគ្គលដែលមានសញ្ញា នៅភ្ញាក់រលឹក កាលដែលភ្លៀងកំពុងបង្អុរចុះ កាលដែលភ្លៀងកំពុងធ្វើសំឡេងឈូឆរ កាលដែលផ្លេកបន្ទោរកំពុងភ្លឺច្រវាត់ កាលដែលរន្ទះកំពុងបាញ់ ឥតបានឃើញ ទាំងមិនបានឮសូរសោះ។ បុរសនោះ ក៏កើតសេចក្តីជ្រះថ្លាដោយក្រៃលែង ចំពោះតថាគត ហើយធ្វើប្រទក្សិណ ដើរចេញទៅ។ លុះព្រះមានព្រះភាគ ទ្រង់មានព្រះពុទ្ធដីកា យ៉ាងនេះហើយ បុក្កុសមល្លបុត្ត ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន សេចក្តីជ្រះថ្លាណា របស់ខ្ញុំព្រះអង្គ ដែលកើតឡើងក្នុងអាឡារតាបស កាលាមគោត្ត ខ្ញុំព្រះអង្គ
ID: 636814427563504316
ទៅកាន់ទំព័រ៖