ព្រះត្រៃបិដក ភាគ ១៦
ទើប បុក្កុសមល្លបុត្ត បង្អោននូវសំពត់ ដែលមានសាច់មដ្ឋ១គូ មានសម្បុរដូចមាសសិង្គី ដែលគួរប្រើប្រាស់ (ម្តងៗ)នោះ ចំពោះព្រះមានព្រះភាគ បពិត្រព្រះអង្គដ៏ចំរើន សំពត់ដែលមានសាច់មដ្ឋ១គូ មានសម្បុរដូចមាសសិង្គីនេះ ជាសំពត់ដែល ខ្ញុំព្រះអង្គប្រើប្រាស់ (ម្តងៗ) បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ ទទួលនូវសំពត់នោះ ដោយអាស្រ័យនូវសេចក្តីអនុគ្រោះ ដល់ខ្ញុំព្រះអង្គចុះ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលបុក្កុសៈ បើដូច្នោះ អ្នកចូរឲ្យសំពត់១ មកតថាគត ឲ្យសំពត់១ ទៅអានន្ទចុះ។ បុក្កុសមល្លបុត្ត ទទួលព្រះបន្ទូលនៃព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ ហើយក៏ថ្វាយសំពត់១ ទៅព្រះមានព្រះភាគ ប្រគេនសំពត់១ ទៅព្រះអានន្ទមានអាយុ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ញុំាងបុក្កុសមល្លបុត្ត ឲ្យឃើញច្បាស់ ឲ្យកាន់យក ឲ្យអាចហាន ឲ្យរីករាយ ដោយធម្មីកថា។ គ្រានោះ បុក្កុសមល្លបុត្ត កាលដែលព្រះមានព្រះភាគ ទ្រង់ឲ្យឃើញច្បាស់ ឲ្យកាន់យក ឲ្យអាចហាន ឲ្យរីករាយ ដោយធម្មីកថាហើយ ក៏ក្រោកចាកអាសនៈ ថ្វាយបង្គំព្រះមានព្រះភាគ ធ្វើប្រទក្សិណ ចេញទៅ។
ID: 636814428036151350
ទៅកាន់ទំព័រ៖