ព្រះត្រៃបិដក ភាគ ១៦

 [​២២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទំនៀម​នេះ​ ​គឺ​ក្នុង​កាលដែល​ព្រះពោធិសត្វ​ប្រសូត​ចាក​ផ្ទៃ​នៃ​ព្រះមាតា​ ​ទេវតា​(​១​)​ ​ទាំងឡាយ​ ​តែង​ទទួល​ ​(​ព្រះពោធិសត្វ​)​ ​មុន​ ​ទើប​មនុស្ស​ទាំងឡាយ​ទទួល​ក្រោយ​។​ ​នេះ​ជា​ធម្មតា​ ​ក្នុង​វេលា​ដែល​ព្រះពោធិសត្វ​ប្រសូត​ចាក​ផ្ទៃ​នៃ​ព្រះមាតា​នុ៎ះ​។​
 [​២៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទំនៀម​នេះ​ ​គឺ​ក្នុង​កាលដែល​ព្រះពោធិសត្វ​ប្រសូត​ចាក​ផ្ទៃ​នៃ​ព្រះមាតា​ ​ព្រះពោធិសត្វ​មិនទាន់​ចុះ​ដល់​ផែនដី​ ​មាន​ទេវបុត្រ​ទាំង៤​ ​ទទួល​ព្រះអង្គ​ ​ដម្កល់​ក្នុង​ខាងមុខ​ ​នៃ​ព្រះមាតា​ថា​ ​បពិត្រ​ព្រះនាង​ទេវី​ ​សូម​ព្រះនាង​មានចិត្ត​រីករាយ​ចុះ​ ​បុត្រ​របស់​ព្រះនាង​ ​ជា​អ្នកមាន​ស័ក្តិធំ​ ​ទ្រង់​កើតឡើង​ហើយ​។​ ​នេះ​ជា​ធម្មតា​ ​ក្នុង​វេលា​ដែល​ព្រះពោធិសត្វ​ប្រសូត​ចាក​ផ្ទៃ​នៃ​ព្រះមាតា​នុ៎ះ​។​
 ​[​២៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទំនៀម​នេះ​ ​គឺ​ក្នុង​កាលដែល​ព្រះពោធិសត្វ​ប្រសូត​ចាក​ផ្ទៃ​នៃ​ព្រះមាតា​ ​ដ៏​ល្អល្អះ​ ​(​ស្រស់បស់​)​ ​ចេញ​មក​ ​មិន​ប្រឡាក់​ដោយ​ទឹក​ ​(​ភ្លោះ​)​ ​មិន​ប្រឡាក់​ដោយ​ស្លេស្ម​ ​មិន​ប្រឡាក់​ដោយ​ឈាម​ ​មិន​ប្រឡាក់​ដោយ​អសោចិ៍​ណា​នីមួយ​ឡើយ​ ​ជា​អ្នក​ស្អាត​បរិសុទ្ធ​។​ ​
​(​១​)​ ​អដ្ឋកថា​ ​ថា​ ​ពួក​ទេវតា​ដែល​មក​ទទួល​ពោធិសត្វ​នោះ​ ​គឺ​ពួក​ព្រហ្ម​ជា​ខីណាស្រព​ ​ក្នុង​ជាន់​សុទ្ធាវាស​។​
ថយ | ទំព័រទី ២៩ | បន្ទាប់
ID: 636813838221085858
ទៅកាន់ទំព័រ៖