ព្រះត្រៃបិដក ភាគ ១៦
ម្នាលអានន្ទ ជនទាំងឡាយ តែងប្រតិបត្តិក្នុងសរីរៈព្រះចក្រពត្តិរាជ យ៉ាងណាមិញ ជនទាំងនោះ គប្បីប្រតិបត្តិក្នុងសរីរៈតថាគតយ៉ាងនោះដែរ។ បពិត្រព្រះអង្គដ៏ចំរើន ចុះជនទាំងនោះ ប្រតិបត្តិក្នុងសរីរៈព្រះចក្រពត្តិរាជ ដូចម្តេច។ ម្នាលអានន្ទ ជនទាំងឡាយ រុំសរីរៈព្រះចក្រពត្តិរាជ ដោយសំពត់ថ្មី លុះរុំដោយសំពត់ថ្មីរួចហើយ ទើបរុំដោយសំឡី លុះរុំដោយសំឡីរួចហើយ ក៏រុំដោយសំពត់ថ្មី (ថែមទៀត) រុំសរីរៈនៃចក្រពត្តិរាជ ដោយសំពត់៥០០គូ ដោយទំនងនេះ ហើយតំកល់ក្នុងមឈូសមាស
(១) ដែលដាក់ប្រេង ហើយគ្របដោយមឈូសមាសដទៃ
(២) រួចធ្វើជើងថ្ករ ហើយថ្វាយព្រះភ្លើង ចំពោះសរីរៈព្រះចក្រពត្តិរាជ ដោយគ្រឿងក្រអូបគ្រប់យ៉ាង ហើយគេធ្វើស្តូប នៃព្រះចក្រពត្តិរាជ ក្នុងផ្លូវធំបែកជា៤ ម្នាលអានន្ទ ជនទាំងឡាយ ប្រតិបត្តិក្នុងសរីរៈព្រះរាជាចក្រពត្តិយ៉ាងនេះឯង ម្នាលអានន្ទ ជនទាំងឡាយ ប្រតិបត្តិក្នុងសរីរៈព្រះចក្រពត្តិរាជ
(១) ពាក្យថា មឈូស ប្រែចេញពីបាលីថា ទោណិ ដែលធ្លាប់ប្រែថា ស្នូក តែដែលប្រែថាមឈូស ដូច្នេះ តាមលំនាំសេចក្តីជាខ្មែរ។ ពាក្យថា មាស ប្រែចេញពីបាលីថា អយសៈ ដែលក្នុងទីឯទៀត តែងប្រែថា ដែក តែក្នុងទីនេះ អដ្ឋកថា ប្រាប់ឲ្យប្រែថា មាស។ (២) គ្របមឈូស ឬគ្របភ្ងាស។
ID: 636814436523086775
ទៅកាន់ទំព័រ៖