ព្រះត្រៃបិដក ភាគ ១៦
ម្នាលអានន្ទ ព្រះតថាគតអរហន្តសម្មាសម្ពុទ្ធ ជាថូបារហបុគ្គល ព្រោះអាស្រ័យអំណាចប្រយោជន៍នេះឯង។ ម្នាលអានន្ទ ព្រះបច្ចេកសម្ពុទ្ធ ជាថូបារហបុគ្គល ព្រោះអាស្រ័យអំណាចប្រយោជន៍ដូចម្តេច។ ម្នាលអានន្ទ ពួកជនជាច្រើន ធ្វើចិត្តឲ្យជ្រះថ្លា ដោយសំគាល់ថា នេះជាស្តូបរបស់ព្រះបច្ចេកពុទ្ធអង្គនោះ ពួកជនទាំងនោះ លុះធ្វើចិត្តឲ្យជ្រះថ្លា ក្នុងស្តូបនោះ លុះបែកធ្លាយរាងកាយទៅ ខាងមុខបន្ទាប់អំពីសេចក្តីស្លាប់ រមែងចូលទៅកាន់លោក គឺសុគតិឋានសួគ៌ ម្នាលអានន្ទ ព្រះបច្ចេកពុទ្ធ ជាថូបារហបុគ្គល ព្រោះអាស្រ័យអំណាចប្រយោជន៍នេះឯង។ ម្នាលអានន្ទ សាវ័ករបស់ព្រះតថាគត ជាថូបារហបុគ្គល ព្រោះអាស្រ័យអំណាចប្រយោជន៍ដូចម្តេច។ ម្នាលអានន្ទ ពួកជនជាច្រើន ធ្វើចិត្តឲ្យជ្រះថ្លា ដោយសំគាល់ថា នេះជាស្តូបនៃសាវ័ក របស់ព្រះមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធអង្គនោះ ពួកជនទាំងនោះ លុះធ្វើចិត្តឲ្យជ្រះថ្លា ក្នុងស្តូបនោះ លុះបែកធ្លាយរាងកាយទៅ ខាងមុខបន្ទាប់អំពីសេចក្តីស្លាប់ រមែងចូលទៅកាន់លោក គឺសុគតិ ឋានសួគ៌ ម្នាលអានន្ទ សាវ័ករបស់ព្រះតថាគត ជាថូបារហបុគ្គល ព្រោះអាស្រ័យអំណាចប្រយោជន៍នេះឯង។
ID: 636814437183794565
ទៅកាន់ទំព័រ៖