ព្រះត្រៃបិដក ភាគ ១៦
បពិត្រព្រះសុគត កាលនេះជាកាលគួរ ដល់ការធ្វើធម្មីកថានុ៎ះហើយ គួរព្រះមានព្រះភាគ ទ្រង់ធ្វើធម្មីកថា ដែលប្រកបដោយបុព្វេនិវាស ភិក្ខុទាំងឡាយ ស្តាប់ព្រះពុទ្ធដីការបស់ព្រះមានព្រះភាគហើយ នឹងចងចាំទុក។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ ចូរអ្នកទាំងឡាយ ចាំស្តាប់ ចូរប្រុង ធ្វើទុកក្នុងចិត្តឲ្យប្រពៃចុះ តថាគតនឹងសំដែង។ ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកា នៃព្រះមានព្រះភាគថា សូមទ្រង់ព្រះមេត្តាប្រោស យ៉ាងហ្នឹងហើយ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ រាប់អំពីភទ្ទកប្បនេះ (ថយក្រោយទៅ) ៩១កប្ប ព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ទ្រង់កើតឡើងក្នុងលោក។ ម្នាលភិក្ខុទាំងឡាយ រាប់អំពីភទ្ទកប្បនេះទៅ ៣១កប្ប ព្រះសិខីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ទ្រង់កើតឡើងក្នុងលោក។ ម្នាលភិក្ខុទាំងឡាយ ក្នុងកប្ប៣១នោះដែរ ព្រះវេស្សភូមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ទ្រង់កើតឡើងក្នុងលោក។ ម្នាលភិក្ខុទាំងឡាយ ក៏ក្នុងភទ្ទកប្បនេះឯង ព្រះកកុសន្ធៈមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ទ្រង់កើតឡើងក្នុងលោក។
ID: 636813830305993140
ទៅកាន់ទំព័រ៖