ព្រះត្រៃបិដក ភាគ ១៦
ម្នាលភិក្ខុទាំងឡាយ កែវមណីដែលបុគ្គលដាក់ចុះលើកាសិកពស្ត្រ កែវមណី (នោះ) មិនប្រឡាក់នូវកាសិកពស្ត្រឡើយ កាសិកពស្ត្រក៏មិនប្រឡាក់នូវកែវមណីដែរ ហេតុអ្វីបានជាថាដូច្នោះ ព្រោះសំពត់ និងកែវមណី ទាំងពីរជារបស់ស្អាត មានឧបមាដូចម្តេចមិញ ម្នាលភិក្ខុទាំងឡាយ ក្នុងកាលដែលព្រះពោធិសត្វប្រសូតចាកផ្ទៃ នៃព្រះមាតា ដ៏ល្អល្អះចេញមក មិនប្រឡាក់ដោយទឹក (ភ្លោះ) មិនប្រឡាក់ដោយស្លេស្ម មិនប្រឡាក់ដោយឈាម មិនប្រឡាក់ដោយអសោចិ៍ណានីមួយឡើយ ជាអ្នកស្អាតបរិសុទ្ធ មានឧបមេយ្យដូច្នោះឯង។ នេះជាធម្មតា ក្នុងវេលាដែលព្រះពោធិសត្វប្រសូតចាកផ្ទៃនៃព្រះមាតានុ៎ះ។
[២៥] ម្នាលភិក្ខុទាំងឡាយ ទំនៀមនេះ គឺក្នុងកាលដែលព្រះពោធិសត្វប្រសូតចាកផ្ទៃនៃព្រះមាតា មានធារទឹក២ ហូរចុះមកអំពីអាកាស ធារទឹក១ត្រជាក់ ធារទឹក១ក្តៅ ធ្វើនូវការលាងជម្រះព្រះពោធិសត្វផង ព្រះមាតាផង។ នេះជាធម្មតា ក្នុងវេលាដែលព្រះពោធិសត្វប្រសូតចាកផ្ទៃនៃព្រះមាតានុ៎ះ។
ID: 636813838468910032
ទៅកាន់ទំព័រ៖