ព្រះត្រៃបិដក ភាគ ១៦
ម្នាលអានន្ទ ព្រះចក្រពត្តិរាជ ជាថូបារហបុគ្គល ព្រោះអាស្រ័យអំណាចប្រយោជន៍ដូចម្តេច។ ម្នាលអានន្ទ ពួកជនជាច្រើន ធ្វើចិត្តឲ្យជ្រះថ្លា ដោយសំគាល់ថា នេះជាស្តូបរបស់ព្រះធម្មរាជ ដែលទ្រង់ធម៌នោះ ពួកជនទាំងនោះ លុះធ្វើចិត្តឲ្យជ្រះថ្លា ក្នុងស្តូបនោះ លុះបែកធ្លាយរាងកាយទៅ ខាងមុខបន្ទាប់អំពីសេចក្តីស្លាប់ រមែងចូលទៅកាន់លោក គឺសុគតិ ឋានសួគ៌ ម្នាលអានន្ទ ព្រះចក្រពត្តិរាជ ជាថូបារហបុគ្គល ព្រោះអាស្រ័យអំណាចប្រយោជន៍នេះឯង។ ម្នាលអានន្ទ ថូបារហបុគ្គល មាន៤ពួកនេះឯង។
[១៣៥] គ្រានោះ ព្រះអានន្ទមានអាយុ ចូលទៅកាន់វិហារ ក៏តោងនូវឈើ មានសណ្ឋានដូចក្បាលស្វា (ត្រដោកទ្វារ) ឈរយំ រៀបរាប់ថា ឱអាត្មាអញ ជាសេក្ខបុគ្គល មានកិច្ចគួរធ្វើតទៅទៀតនៅឡើយ ក៏ព្រះសាស្តារបស់អាត្មា ដែលជាអ្នកអនុគ្រោះ ដល់អាត្មាអញ នឹងទ្រង់បរិនិព្វាន។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ អានន្ទទៅណា។ ពួកភិក្ខុក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ព្រះអានន្ទមានអាយុ ចូលទៅកាន់រោងសម្រាប់សម្រាកកាយ តោងត្រដោកទ្វារ ឈរយំរៀបរាប់ឯណោះថា ឱអាត្មាអញ
ID: 636814437504722921
ទៅកាន់ទំព័រ៖