ព្រះត្រៃបិដក ភាគ ១៦
មានអានុភាពច្រើនយ៉ាងនេះ ផ្សាយពន្លឺទៅមិនដល់ក្នុងទីណា ពន្លឺភ្លឺស្វាងច្បាស់ រកប្រមាណមិនបាន ក៏កើតប្រាកដឡើងក្នុងទីទាំងនោះ កន្លងនូវទេវានុភាព នៃទេវតាទាំងឡាយ។ ពួកសត្វណា ដែលកើតក្នុងទីទាំងនោះ សត្វអម្បាលនោះ ក៏ស្គាល់ច្បាស់នូវគ្នានឹងគ្នា ដោយសារពន្លឺនោះថា អើហ្ន៎ មានពួកសត្វដទៃកើតក្នុងទីនេះដែរ។ លោកធាតុទាំងមួយហ្មឺននេះ ក៏កក្រើករំពើកញាប់ញ័រ ទាំងពន្លឺដ៏ភ្លឺស្វាងច្បាស់ ក៏រកប្រមាណមិនបាន ក៏កើតប្រាកដឡើងក្នុងលោក កន្លងនូវទេវានុភាព នៃទេវតាទាំងឡាយ។ នេះជាធម្មតា ក្នុងវេលាដែលព្រះពោធិសត្វប្រសូតចាកផ្ទៃនៃព្រះមាតានុ៎ះ។
[២៨] ម្នាលភិក្ខុទាំងឡាយ កាលដែលព្រះវិបស្សីកុមារ ប្រសូតមករួចហើយ រាជបុរសទាំងឡាយ ក៏ក្រាបបង្គំទូលព្រះបាទពន្ធុមៈថា បពិត្រព្រះសម្មតិទេព ព្រះរាជបុត្ររបស់ព្រះអង្គប្រសូតហើយ សូមព្រះអង្គទ្រង់ទតព្រះរាជបុត្រនោះ។ ម្នាលភិក្ខុទាំងឡាយ ព្រះបាទពន្ធុមៈ ទ្រង់ទតឃើញព្រះវិបស្សីកុមារ លុះទ្រង់ឃើញហើយ ក៏ត្រាស់បង្គាប់ឲ្យហៅពួកព្រាហ្មណ៍ ជាហោរាមកហើយ មានព្រះរាជឱង្ការដូច្នេះថា ពួកព្រាហ្មណ៍ ជាហោរាដ៏ចំរើន ចូរមើលកុមារ (នេះ)។ ម្នាលភិក្ខុទាំងឡាយ ពួកព្រាហ្មណ៍ ជាហោរា ក៏មើលនូវព្រះវិបស្សីកុមារនោះ លុះបានឃើញហើយ
ID: 636813839023771769
ទៅកាន់ទំព័រ៖