ព្រះត្រៃបិដក ភាគ ១៦
ព្រះសុគត ទ្រង់ប្រញាប់បរិនិព្វានពេកណាស់ ព្រះសម្ពុទ្ធមានចក្ខុក្នុងលោក ទ្រង់ប្រញាប់បាត់បង់ពេកណាស់ ម្នាលអាវុសោអានន្ទ មានពួកទេវតា (ខ្លះ) ដែលសំគាល់នូវនិម្មិត គឺផែនដីលើផែនដី រំសាយសក់កន្ទក់កន្ទេញ។បេ។ បាត់ទៅ។ ពួកទេវតាណា ដែលប្រាសចាករាគៈ ទេវតាទាំងនោះ មានសតិសម្បជញ្ញៈ អត់សង្កត់ដោយគិតថា សង្ខារទាំងឡាយមិនទៀង ព្រោះហេតុនោះ បុគ្គលគប្បីបាននូវសេចក្តីទៀងទាត់ ក្នុងខន្ធប្បវត្តិនេះអំពីណា។ គ្រានោះ ព្រះអនុរុទ្ធមានអាយុ និងព្រះអានន្ទមានអាយុ ធ្វើធម្មីកថា អស់រាត្រីដែលនៅសល់នោះ។ ទើបព្រះអនុរុទ្ធមានអាយុ ពោលនឹងព្រះអានន្ទមានអាយុថា ម្នាលអាវុសោអានន្ទ អ្នកចូរចូលទៅកាន់ក្រុងកុសិនារា ហើយថ្វាយដំណឹងដល់ពួកមល្លក្សត្រិយ៍ អ្នកក្រុងកុសិនារាថា បពិត្រវាសិដ្ឋគោត្រទាំងឡាយ ព្រះមានព្រះភាគបរិនិព្វានហើយ ឥឡូវអ្នកទាំងឡាយ ចូរសំគាល់នូវកាលគួរចុះ។ ព្រះអានន្ទមានអាយុ ទទួលវាចានៃព្រះអនុរុទ្ធមានអាយុថា អើលោកម្ចាស់ ហើយក៏ស្លៀកស្បង់កាន់យកបាត្រ និងចីវរក្នុងបុព្វណ្ហសម័យ មិនមានភិក្ខុជាគម្រប់ពីរឡើយ ចូលទៅកាន់ក្រុងកុសិនារា។
ID: 636814448880553581
ទៅកាន់ទំព័រ៖