ព្រះត្រៃបិដក ភាគ ១៦

សួរ​ទៀត​ថា​ ​បពិត្រ​លោកម្ចាស់​ដ៏​ចំរើន​ ​ចុះ​បំណង​របស់​ពួក​ទេវតា​ ​តើ​ដូចម្តេច​។​ ​ព្រះ​អនុ​រុទ្ធ​តប​ថា​ ​បពិត្រ​វាសិ​ដ្ឋៈ​ទាំងឡាយ​ ​បំណង​របស់​ទ្រង់​ទាំងឡាយ​ថា​ ​យើង​រាល់គ្នា​នឹង​ធ្វើសក្ការៈ​ ​គោរព​រាប់អាន​ ​បូជា​ព្រះ​សរីរៈ​ ​នៃ​ព្រះមានព្រះភាគ​ ​ដោយ​របាំ​ ​ចម្រៀង​ ​ភ្លេង​ ​ប្រគំ​ ​ផ្កាកម្រង​ ​និង​គ្រឿងក្រអូប​ទាំងឡាយ​ ​ហើយ​ហែរ​ទៅតាម​ទិសខាងត្បូង​ក្រៅក្រុង​ ​ហើយ​ថ្វាយព្រះ​ភ្លើង​ព្រះ​សរីរៈ​ ​នៃ​ព្រះមានព្រះភាគ​ ​អំពី​ខាងត្បូង​នៃ​ក្រុង​ ​បពិត្រ​វាសិ​ដ្ឋៈ​ទាំងឡាយ​ ​ឯ​បំណង​របស់​ពួក​ទេវតា​ថា​ ​យើង​រាល់គ្នា​នឹង​ធ្វើសក្ការៈ​ ​គោរព​រាប់អាន​ ​បូជា​ព្រះ​សរីរៈ​ ​នៃ​ព្រះមានព្រះភាគ​ ​ដោយ​របាំ​ ​ចម្រៀង​ ​ភ្លេង​ ​ប្រគំ​ ​ផ្កាកម្រង​ ​និង​គ្រឿងក្រអូប​ទាំងឡាយ​ ​ដែល​ជា​ទិព្វ​ ​ហើយ​ហែរ​ទៅ​ខាងជើង​ ​តាម​ទិសខាងជើង​នៃ​ក្រុង​ ​ហើយ​ចូល​ទៅកាន់​ក្រុង​តាម​ទ្វារ​ខាងជើង​ ​ហើយ​ហែ​ទៅត្រង់​កណ្តាល​ ​តាម​ទី​កណ្តាល​នៃ​ក្រុង​ ​ហើយ​ចេញទៅ​តាម​ទ្វារ​ខាងកើត​ ​ហើយ​ថ្វាយព្រះ​ភ្លើង​ព្រះ​សរីរៈ​ ​នៃ​ព្រះមានព្រះភាគ​ ​ក្នុង​មកុដ​ពន្ធន​ចេតិយ​(​១​)​ ​របស់​មល្ល​ក្សត្រិយ៍​ ​ខាងកើត​នៃ​ក្រុង​។​ ​ពួក​មល្ល​ក្សត្រិយ៍​ ​ទូល​ថា​ ​បពិត្រ​លោកម្ចាស់​ដ៏​ចំរើន​ ​បំណង​របស់​ពួក​ទេវតា​យ៉ាងណា​ ​ការ​ថ្វាយព្រះ​ភ្លើង​ព្រះ​សរីរៈ​ ​នៃ​ព្រះមានព្រះភាគ​ ​ក៏​សូមឲ្យ​សម្រេច​យ៉ាងនោះ​ចុះ​។​ ​
​(​១​)​ ​អដ្ឋកថា​ ​ថា​ ​សាលា​ជាម​ង្គល​ ​សម្រាប់​តែង​ព្រះអង្គ​របស់​ពួក​មល្លរាជ​ ​ហៅថា​ ​មកុដ​ពន្ធនៈ​ ​ហៅថា​ ​ចេតិយ​ ​ព្រោះ​គេ​ធ្វើ​វិចិត្រ​រចនា​ក្បូរក្បាច់​វិសេស​ណាស់​។​
ថយ | ទំព័រទី ៣៣៤ | បន្ទាប់
ID: 636814450075211912
ទៅកាន់ទំព័រ៖