ព្រះត្រៃបិដក ភាគ ១៦
សម័យនោះឯង ក្រុងកុសិនារា ពាសពេញដោយផ្កាមន្ទាវរៈ ដោយគំនរប្រមាណត្រឹមជង្គង់ រហូតដល់ទីជាចន្លោះនៃផ្ទះ និងទសម្រាប់បង្ហូរនូវគូថៈ និងកន្លែងសម្រាប់ចោលនូវសម្រាម។ គ្រានោះ ពួកទេវតា និងពួកមល្លក្សត្រិយ៍ អ្នកក្រុងកុសិនារា នាំគ្នាធ្វើសក្ការៈ គោរពរាប់អាន បូជាព្រះសរីរៈនៃព្រះមានព្រះភាគ ដោយរបាំ ចម្រៀង ភ្លេង ប្រគំ ផ្កាកម្រង និងគ្រឿងប្រអូបទាំងឡាយ ជារបស់ទិព្វខ្លះ របស់មនុស្សខ្លះ ហើយហែទៅខាងជើង តាមទិសខាងជើងនៃក្រុង ហើយចូលទៅកាន់ក្រុង តាមទ្វារខាងជើង ហើយហែទៅត្រង់កណ្តាល តាមទីកណ្តាលនៃក្រុង ហើយចេញទៅតាមទ្វារខាងកើត ហើយថ្វាយព្រះភ្លើងព្រះសរីរៈ នៃព្រះមានព្រះភាគ ក្នុងមកុដពន្ធនចេតិយ របស់ពួកមល្លក្សត្រិយ៍ ខាងកើតនៃក្រុង។ លំដាប់នោះ ពួកមល្លក្សត្រិយ៍ អ្នកក្រុងកុសិនារា ពោលនឹងព្រះអានន្ទមានអាយុ ដូច្នេះថា បពិត្រព្រះអានន្ទដ៏ចំរើន យើងទាំងឡាយ នឹងប្រតិបត្តិក្នុងព្រះសរីរៈនៃព្រះតថាគតដូចម្តេច។ ព្រះអានន្ទតបថា បពិត្រវាសិដ្ឋៈទាំងឡាយ ពួកឥស្សរជន ប្រតិបត្តិក្នុងសរីរៈនៃព្រះចក្រពត្តិរាជយ៉ាងណា ពួកមហាបពិត្រគប្បីប្រតិបត្តិ ក្នុងព្រះសរីរៈនៃព្រះតថាគត យ៉ាងនោះចុះ។ បពិត្រព្រះអានន្ទដ៏ចំរើន ចុះពួកឥស្សរជន ប្រតិបត្តិក្នុងព្រះសរីរៈនៃព្រះចក្រពត្តិរាជដូចម្តេច។
ID: 636814450338366963
ទៅកាន់ទំព័រ៖