ព្រះត្រៃបិដក ភាគ ១៦
ពួកមល្លក្សត្រតបថា ចំណែកព្រះសរីរធាតុរបស់ព្រះមានព្រះភាគ មិនមានទេ ព្រះសរីរធាតុទាំងឡាយ របស់ព្រះមានព្រះភាគ យើងចែកគ្នាអស់ហើយ ចូរអ្នកទាំងឡាយ នាំយកព្រះអង្គារ (ធ្យូង) អំពីកន្លែង ដែលថ្វាយព្រះភ្លើងនេះទៅចុះ។ ពួកក្សត្រមោរិយៈទាំងនោះ ក៏នាំយកព្រះអង្គារអំពីកន្លែង ដែលថ្វាយព្រះភ្លើងនោះទៅ។
[១៦១] គ្រានោះ ព្រះបាទមាគធអជាតសត្តុវេទេហីបុត្ត ទ្រង់បានធ្វើព្រះស្តូបផង ការបូជាផង ចំពោះព្រះសរីរធាតុនៃព្រះមានព្រះភាគ ក្នុងក្រុងរាជគ្រឹះ។ ឯពួកក្សត្រលិច្ឆវី អ្នកក្រុងវេសាលី ក៏បានធ្វើព្រះស្តូបផង ការបូជាផង ចំពោះព្រះសរីរធាតុនៃព្រះមានព្រះភាគ ក្នុងក្រុងវេសាលី។ ពួកក្សត្រ អ្នកក្រុងកបិលវត្ថុ ក៏បានធ្វើព្រះស្តូបផង ការបូជាផង ចំពោះព្រះសរីរធាតុនៃព្រះមានព្រះភាគ ក្នុងក្រុងកបិលវត្ថុ។ ពួកក្សត្រថូលិ អ្នកក្រុងអល្លកប្បៈ ក៏បានធ្វើព្រះស្តូបផង ការបូជាផង ចំពោះព្រះសរីរធាតុនៃព្រះមានព្រះភាគ ក្នុងក្រុងអល្លកប្បៈ។ ពួកក្សត្រកោឡិយៈ អ្នករាមគ្រាម ក៏បានធ្វើព្រះស្តូបផង ការបូជាផង ចំពោះព្រះសរីរធាតុនៃព្រះមានព្រះភាគ ក្នុងរាមគ្រាម។ ព្រាហ្មណ៍ អ្នកវេដ្ឋទីបៈ ក៏បានធ្វើព្រះស្តូបផង ការបូជាផង ចំពោះព្រះសរីរធាតុនៃព្រះមានព្រះភាគ ក្នុងដែនវេដ្ឋទីបៈ។
ID: 636814454494934705
ទៅកាន់ទំព័រ៖