ព្រះត្រៃបិដក ភាគ ១៦
បពិត្រព្រះសម្មតិទេព ចក្រទាំងឡាយ កើតមានត្រង់ផ្ទៃព្រះបាទា នៃព្រះរាជកុមារនេះ ប្រដាប់ដោយកាំមួយពាន់ ព្រមទាំងខ្នងកង់ និងដុំ មានចន្លោះស្មើគ្នាគ្រប់អន្លើ បពិត្រព្រះសម្មតិទេព ព្រះរាជកុមារ ដែលមានរូបចក្រកើតមានត្រង់ផ្ទៃព្រះបាទាខាងក្រោម ប្រដាប់ដោយកាំមួយពាន់ ព្រមទាំងខ្នងកង់ និងដុំ មានចន្លោះស្មើគ្នាគ្រប់អន្លើនេះឯង ជាមហាបុរិសលក្ខណៈ របស់មហាបុរសនោះ។
បពិត្រព្រះសម្មតិទេព ព្រះរាជកុមារនេះ មានព្រះបណ្ហិ គឺកែងព្រះបាទវែង(១) ។
បពិត្រព្រះសម្មតិទេព ព្រះរាជកុមារនេះ មានព្រះអង្គុលី គឺម្រាមព្រះហស្ត និងម្រាមព្រះបាទវែង(២) ។
បពិត្រព្រះសម្មតិទេព ព្រះរាជកុមារនេះ មានផ្ទៃព្រះហស្ត និងផ្ទៃព្រះបាទទន់ល្វន់ (ដូចជាដុំសំឡី ដែលគេថ្ពេចអស់មួយរយដង)។
បពិត្រព្រះសម្មតិទេព ព្រះរាជកុមារនេះ មានផ្ទៃព្រះហស្ត និងផ្ទៃព្រះបាទប្រទាក់ដោយក្រឡាដូចជាសំណាញ់។
(១) បើចែកសរីរប្បទេសត្រង់នោះជា៤ភាគ ពីរភាគជាចុងព្រះបាទ មួយភាគ ជាព្រះបាទ មួយភាគ ជាព្រះបណ្ហិ។ (២) ចំណែកខាងព្រះហស្ត ម្រាមទាំង៤វែងស្មើគ្នា ព្រះបាទ ម្រាមទាំង៥ វែងស្មើគ្នា ម្រាមទាំងអស់ មូលត្រសូលរៀវល្អ ដូចជាផង់មនោសិលា ដែលគេលាយប្រេងហើយលញ់។
ID: 636813840037429746
ទៅកាន់ទំព័រ៖