ព្រះត្រៃបិដក ភាគ ១៦
[៣០] បពិត្រព្រះសម្មតិទេព ព្រះរាជកុមារនេះ ប្រកបដោយមហាបុរិសលក្ខណៈ៣២ប្រការនេះឯង មហាបុរសដែលប្រកបដោយ មហាបុរិសលក្ខណៈ៣២ប្រការ រមែងមានគតិតែ២យ៉ាង មិនមានគតិដទៃទៀតឡើយ គឺបើនៅគ្រប់គ្រងគេហដ្ឋាន នឹងបានជាស្តេចចក្រពត្រ ប្រកបដោយធម៌ ជាក្សត្រិយ៍ទ្រង់ធម៌ ជាក្សត្រិយ៍ឈ្នះសង្គ្រាម មានទីបំផុតទល់នឹងសមុទ្រទាំង៤ ព្រះអង្គមានជនបទដ៏មំាមួន ប្រកបដោយរតនៈ៧ប្រការ ឯរតនៈ៧ប្រការ របស់ព្រះអង្គ ដូច្នេះ គឺ ចក្រកែវ ដំរីកែវ សេះកែវ កែវមណី ស្ត្រីកែវ គហបតីកែវ នាយបរិនាយកកែវ ជាគំរប់៧ ព្រះអង្គមានព្រះរាជបុត្រច្រើនជាងពាន់ ដ៏ក្លៀវក្លា មានសភាពជាអ្នកមានព្យាយាម អាចញាំញីនូវសេនារបស់ស្តេចដទៃបាន ព្រះអង្គគ្របសង្កត់នូវផែនដីនេះ ដែលមានសាគរជាទីបំផុត ទ្រង់គ្រប់គ្រងដោយធម៌ដ៏ស្មើ មិនបាច់ប្រើអាជ្ញា មិនបាច់ប្រើសស្ត្រាវុធឡើយ ប្រសិនបើទ្រង់ចេញចាកគេហដ្ឋាន ទៅទ្រង់ព្រះផ្នួស នឹងបានត្រាស់ ជាព្រះអរហន្ត សម្មាសម្ពុទ្ធក្នុងលោក មានដម្បូល គឺកិលេសបើកហើយ។
[៣១] ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង ព្រះបាទពន្ធុមៈ ឲ្យពួកព្រាហ្មណ៍ទាំងឡាយ ដែលជាហោរា ស្លៀកដណ្តប់សំពត់ថ្មីៗ ហើយឲ្យឆ្អែតស្កប់ស្កល់ដោយវត្ថុជាទីប្រាថ្នាទាំងពួង។ ម្នាលភិក្ខុទាំងឡាយ
ID: 636813842708072498
ទៅកាន់ទំព័រ៖