ព្រះត្រៃបិដក ភាគ ១៦

បាន​ជា​សក់​គាត់​ ​មិន​ដូចជា​សក់​អ្នក​ទាំងឡាយ​ឯទៀត​ ​ទាំង​កាយ​របស់​គាត់​ ​ក៏​មិន​ដូច​កាយ​អ្នក​ទាំងឡាយ​ឯទៀត​ដែរ​ ​ខ្ញុំ​ព្រះអង្គ​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​នុ៎ះឯង​ហៅថា​ ​បុរស​ចាស់​ ​ព្រះរាជ​កុមារ​សួរ​ទៀត​ថា​ ​នែ​នាយ​សារថី​ ​សំឡាញ់​ស្មើ​ចិត្ត​ ​ចុះ​ដូចម្តេច​ ​បុរស​នុ៎ះ​ ​បាន​ជា​ឈ្មោះថា​ ​ចាស់​ ​ខ្ញុំ​ព្រះអង្គ​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​បុរស​នុ៎ះ​ ​បាន​ជា​ឈ្មោះថា​ ​បុរស​ចាស់​ ​តពីនេះទៅ​ ​គាត់​នឹង​មិន​រស់នៅ​យូរប៉ុន្មាន​ទេ​ ​ព្រះរាជ​កុមារ​សួរ​ទៀត​ថា​ ​ហៃ​នាយ​សារថី​ ​សំឡាញ់​ស្មើ​ចិត្ត​ ​ទុកជា​អាត្មាអញ​ ​ក៏​មាន​សេចក្តី​ចាស់​ជា​ធម្មតា​ ​មិន​កន្លង​នូវ​សេចក្តី​ចាស់​ទៅ​បានទេ​ ​ឬដូច​ម្តេច​ ​ខ្ញុំ​ព្រះអង្គ​ ​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​មនុស្ស​ទាំងឡាយ​គ្រប់គ្នា​ ​ទោះ​ព្រះអង្គ​ក្តី​ ​ទោះ​យើងខ្ញុំ​ទាំងឡាយ​ក្តី​ ​សុទ្ធតែ​មាន​សេចក្តី​ចាស់​ជា​ធម្មតា​ ​មិន​កន្លង​នូវ​សេចក្តី​ចាស់​ទៅ​បាន​ឡើយ​ ​ព្រះរាជ​កុមារ​ ​ក៏​មាន​ព្រះបន្ទូល​ថា​ ​ហៃ​នាយ​សារថី​ ​សំឡាញ់​ស្មើ​ចិត្ត​ ​បើ​ដូច្នោះ​ ​ការ​ទៅ​ឱទ្យាន​ក្នុងថ្ងៃនេះ​ ​ល្មម​ប៉ុណ្ណឹង​ហើយ​ ​ឯង​ចូរ​ត្រឡប់​អំពី​ទីនេះ​ ​ទៅកាន់​ខាងក្នុង​បុរី​វិញ​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​ខ្ញុំ​ព្រះអង្គ​ក៏​ទទួល​ស្តាប់​ព្រះបន្ទូល​នៃ​ព្រះ​វិបស្សី​កុមារ​ថា​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​ព្រះករុណា​ថ្លៃ​វិសេស​ ​ហើយក៏​ចេញ​អំពី​ទីនោះ​ ​ត្រឡប់​មក​ខាងក្នុង​បុរី​វិញ​ ​
ថយ | ទំព័រទី ៤៨ | បន្ទាប់
ID: 636813844834784139
ទៅកាន់ទំព័រ៖