ព្រះត្រៃបិដក ភាគ ១៦
ទើបព្រះរាជកុមារមានព្រះបន្ទូលថា នែនាយសារថី ជាសំឡាញ់ស្មើចិត្ត បើដូច្នោះ ការទៅក្នុងឱទ្យានក្នុងថ្ងៃនេះ ល្មមប៉ុណ្ណឹងហើយ ចូរចេញអំពីទីនេះ ត្រឡប់ទៅខាងក្នុងបុរីវិញចុះ បពិត្រព្រះសម្មតិទេព ខ្ញុំព្រះអង្គទទួលស្តាប់ព្រះបន្ទូលនៃព្រះវិបស្សីកុមារ ដោយពាក្យថា បពិត្រព្រះអង្គ ព្រះករុណាថ្លៃវិសេស ហើយក៏ចេញអំពីទីនោះ ត្រឡប់មកខាងក្នុងបុរីវិញ បពិត្រព្រះសម្មតិទេព ឯព្រះរាជកុមារនោះ លុះស្តេចទៅដល់ខាងក្នុងបុរីហើយ ក៏មានសេចក្តីទុក្ខ តូចព្រះទ័យ សញ្ជប់សញ្ជឹងថា ថ្វឺយ អើហ្ន៎ ជរា តែងមានប្រាកដ ព្យាធិ តែងមានប្រាកដ មរណៈ តែងមានប្រាកដ ដល់សត្វលោកដែលកើតហើយ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះឯង ព្រះបាទពន្ធុមៈ ទ្រង់មានព្រះតម្រិះដូច្នេះថា កុំឲ្យវិបស្សីកុមារខានសោយរាជ្យឡើយ កុំឲ្យវិបស្សីកុមារ បានចេញចាកគេហដ្ឋាន ទៅបួសឡើយ កុំឲ្យពាក្យរបស់ពួកព្រាហ្មណ៍ ជាហោរាពិតឡើយ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង ព្រះបាទពន្ធុមៈ ទ្រង់ផ្គត់ផ្គង់ កាមគុណទាំង៥ ច្រើនឡើងទៀត ធ្វើយ៉ាងណា ឲ្យតែព្រះវិបស្សីកុមារសោយរាជ្យសម្បត្តិបាន ធ្វើយ៉ាងណា ឲ្យតែព្រះវិបស្សីកុមារ ខានចេញចាកគេហដ្ឋាន ទៅបួស ធ្វើយ៉ាងណា
ID: 636813847754661147
ទៅកាន់ទំព័រ៖