ព្រះត្រៃបិដក ភាគ ១៦
ឲ្យតែពាក្យរបស់ពួកព្រាហ្មណ៍ ជាហោរា ទៅជាពាក្យខុស។ ម្នាលភិក្ខុទាំងឡាយ មានសេចក្តីដំណាលថា ក្នុងកាលនោះ ព្រះវិបស្សីកុមារ ទ្រង់ឆ្អែតស្កប់ស្កល់ ប្រកបព្រមដោយកាមគុណទាំង៥។
[៣៨] ម្នាលភិក្ខុទាំងឡាយ លំដាប់តមក ព្រះវិបស្សីកុមារ លុះកន្លងឆ្នាំច្រើនរយ ច្រើនពាន់ទៅ ទ្រង់ហៅនាយសារថីមកថា ហៃនាយសារថី ជាសំឡាញ់ស្មើចិត្តចូរឯងទឹមយានទាំងឡាយដែលល្អៗ យើងនឹងទៅកាន់ឱទ្យាន ដើម្បីមើលនូវទីល្អៗ។ ម្នាលភិក្ខុទាំងឡាយ នាយសារថីទទួលស្តាប់ព្រះបន្ទូលនៃព្រះវិបស្សីកុមារ ដោយពាក្យថា បពិត្រព្រះអង្គ ព្រះករុណាវិសេស ហើយក៏ទឹមយានទាំងឡាយ ដែលល្អៗ រួចក្រាបបង្គំទូលដល់ព្រះវិបស្សីកុមារថា បពិត្រព្រះសម្មតិទេព យានទាំងឡាយដែលល្អៗ ខ្ញុំព្រះអង្គ បានទឹមស្រេចហើយ ឥឡូវនេះ សូមទ្រង់ជ្រាបនូវកាលដ៏គួរ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ ព្រះវិបស្សីកុមារ ទ្រង់ឡើងកាន់យានដ៏ល្អ ហើយស្តេចទៅកាន់ឱទ្យាន ដោយយានទាំងឡាយដ៏ល្អៗ។ ម្នាលភិក្ខុទាំងឡាយ កាលព្រះវិបស្សីកុមារ ស្តេចទៅកាន់ឱទ្យាន ក៏បានទតឃើញបុរសមានសីសៈរលីង ជាអ្នកបួស
ID: 636813848067379033
ទៅកាន់ទំព័រ៖