ព្រះត្រៃបិដក ភាគ ១៦
ម្នាលភិក្ខុទាំងឡាយ គ្រានោះ ព្រះវិបស្សីពោធិសត្វ មានសេចក្តីត្រិះរិះដូច្នេះថា កាលធម្មជាតអ្វីមិនមានហ្ន៎ ទើបសឡាយតនៈមិនមាន ការរលត់ទៅនៃសឡាយតនៈ ព្រោះរលត់ធម្មជាតអ្វី។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ សេចក្តីត្រាស់ដឹងដោយព្រះប្រាជ្ញាថា កាលនាមរូបមិនមាន សឡាយតនៈក៏មិនមាន ការរលត់ទៅនៃសឡាយតនៈ ព្រោះរលត់នាមរូបដូច្នេះ ក៏កើតមានឡើង ដល់ព្រះវិបស្សីពោធិសត្វ ព្រោះទ្រង់ពិចារណា ដោយព្រះយោបល់។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ ព្រះវិបស្សីពោធិសត្វ មានសេចក្តីត្រិះរិះដូច្នេះថា កាលធម្មជាតអ្វីមិនមានហ្ន៎ ទើបនាមរូបមិនមាន ការរលត់ទៅនៃនាមរូប ព្រោះរលត់ធម្មជាតអ្វី។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ សេចក្តីត្រាស់ដឹងដោយព្រះប្រាជ្ញាថា កាលវិញ្ញាណមិនមាន នាមរូបក៏មិនមាន ការរលត់ទៅនៃនាមរូប ព្រោះរលត់វិញ្ញាណដូច្នេះ ក៏កើតឡើង ដល់ព្រះវិបស្សីពោធិសត្វ ព្រោះទ្រង់ពិចារណា ដោយព្រះយោបល់។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ ព្រះវិបស្សីពោធិសត្វ មានសេចក្តីត្រិះរិះដូច្នេះថា កាលធម្មជាតអ្វីមិនមានហ្ន៎ ទើបវិញ្ញាណមិនមាន ការរលត់ទៅនៃវិញ្ញាណ ព្រោះរលត់ធម្មជាតអ្វី។
ID: 636813851543637864
ទៅកាន់ទំព័រ៖