ព្រះត្រៃបិដក ភាគ ១៦
[៤២] ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ ព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ទ្រង់មានសេចក្តីត្រិះរិះដូច្នេះថា គួរតែ តថាគតសំដែងធម៌។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ ព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ទ្រង់មានសេចក្តីត្រិះរិះដូច្នេះថា ធម៌ដែលតថាគតត្រាស់ដឹងហើយនេះ ជាធម៌ជ្រាលជ្រៅ បុគ្គលឃើញបានដោយក្រ ត្រាស់ដឹងតាមបានដោយក្រ ជាធម៌រម្ងាប់ទុក្ខ ជាធម៌ថ្លៃថ្លា ជាធម៌ដែលបុគ្គលត្រិះរិះយកឯងមិនបាន ជាធម៌ល្អិត មានតែបណ្ឌិត ទើបដឹងបាន ក៏ពួកសត្វនេះ មានអាល័យ គឺកាមគុណ ជាទីត្រេកអរ ត្រេកអរក្នុងកាមគុណ រីករាយក្នុងកាមគុណ បដិច្ចសមុប្បាទ ដែលមានកាមគុណនេះជាបច្ច័យ បដិច្ចសមុប្បាទនេះ ជាឋានៈ ដែលពួកសត្វមានកាមគុណជាទីត្រេកអរ ត្រេកអរក្នុងកាមគុណ រីករាយក្នុងកាមគុណ ឃើញបានដោយក្រ ធម៌ដែលជាគ្រឿងរម្ងាប់នូវសង្ខារទាំងពួង លះបង់នូវឧបធិក្កិលេសទាំងពួង អស់ទៅនៃតណ្ហា ប្រាសចាករាគៈ រលត់ (នូវកងទុក្ខ) និងព្រះនិព្វាន នេះឯងក៏ជាឋានៈ ដែលពួកសត្វឃើញបានដោយក្រ បើទុកជាតថាគតសំដែងធម៌ ពួកសត្វដទៃក៏មិនគប្បីដឹងច្បាស់បាន សេចក្តីលំបាកកាយនោះ នឹងមានដល់តថាគត ការបៀតបៀនកាយនោះ នឹងមានដល់តថាគត។
ID: 636813852380505730
ទៅកាន់ទំព័រ៖