ព្រះត្រៃបិដក ភាគ ១៦
[៤៤] ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ មហាព្រហ្ម១រូប បានដឹងនូវបរិវិតក្កៈ ក្នុងព្រះហឫទ័យ នៃព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ដោយចិត្តរបស់ខ្លួនហើយ ទើបគិតរំពឹងដូច្នេះថា ឱសត្វលោកវិនាសតើ ឱសត្វលោកវិនាសតើ ព្រោះព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ មានព្រះហឫទ័យឱនទៅរកសេចក្តីខ្វល់ខ្វាយតិច មិនឱនទៅរកការសំដែងធម៌ឡើយ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ មហាព្រហ្មនោះ ក៏បាត់អំពីព្រហ្មលោកមកប្រតិស្ឋាន ក្នុងទីចំពោះព្រះភក្ត្រ នៃព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ប្រៀបដូចបុរសមានកំឡាំង លាចេញនូវកំភួនដៃ ដែលបត់ចូល ឬបត់ចូលនូវកំភួនដៃ ដែលលាចេញ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ មហាព្រហ្ម ធ្វើនូវសំពត់បង់ក ឆៀងស្មាម្ខាង លុតចុះនូវមណ្ឌលនៃជង្គង់ខាងស្តាំលើផែនដី ប្រណម្យអញ្ជលី ចំពោះព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ក៏ក្រាបបង្គំទូលព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន
ID: 636813853121038086
ទៅកាន់ទំព័រ៖