ព្រះត្រៃបិដក ភាគ ១៦
សូមព្រះមានព្រះភាគ ទ្រង់សំដែងធម៌ សូមព្រះសុគត ទ្រង់សំដែងធម៌ (ដ្បិត) សត្វទាំងឡាយក្នុងលោកនេះ ដែលមានធូលី គឺរាគាទិក្កិលេស ក្នុងចក្ខុស្រាលស្តើងក៏មាន តែមិនបានស្តាប់ធម៌ មុខជានឹងសាបសូន្យមិនខាន ពួកសត្វដែលបម្រុងនឹងត្រាស់ដឹងធម៌ ក៏គង់មានដែរ។ ម្នាលភិក្ខុទាំងឡាយ កាលមហាព្រហ្មក្រាបបង្គំទូលយ៉ាងនេះហើយ ព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ក៏ត្រាស់ដូច្នេះ នឹងមហាព្រហ្មនោះថា ម្នាលព្រហ្ម តថាគតមានសេចក្តីត្រិះរិះថា គួរតែតថាគតសំដែងធម៌ដូច្នេះដែរ។ ម្នាលព្រហ្ម តថាគតមានសេចក្តីត្រិះរិះដូច្នេះថា ធម៌ដែលតថាគតត្រាស់ដឹងហើយនេះ ជាធម៌ជ្រាលជ្រៅ សត្វឃើញបានដោយក្រ ត្រាស់ដឹងបានដោយក្រ ជាធម៌រម្ងាប់ទុក្ខ ជាធម៌ថ្លៃថ្លា ជាធម៌ដែលបុគ្គលត្រិះរិះយកឯងមិនបាន ជាធម៌ល្អិត មានតែបណ្ឌិតទើបដឹងបាន ពួកសត្វនេះ មានអាល័យ គឺកាមគុណជាទីត្រេកអរ ត្រេកអរក្នុងកាមគុណ រីករាយក្នុងកាមគុណ បដិច្ចសមុប្បាទ ដែលមានកាមគុណនេះជាបច្ច័យ បដិច្ចសមុប្បាទនេះ ជាឋានៈដែលពួកសត្វ មានកាមគុណជាទីត្រេកអរ ត្រេកអរក្នុងកាមគុណ រីករាយក្នុងកាមគុណ ឃើញបានដោយក្រ ធម៌ដែលជាគ្រឿងរម្ងាប់នូវសង្ខារទាំងពួង លះបង់នូវឧបធិក្កិលេសទាំងពួង អស់ទៅនៃតណ្ហា
ID: 636813853359631733
ទៅកាន់ទំព័រ៖