ព្រះត្រៃបិដក ភាគ ១៦
ព្រះអង្គអ្នកមានប្រាជ្ញាល្អ មានសមន្តចក្ខុ ព្រះអង្គជាអ្នកមានសេចក្តីសោកទៅប្រាសហើយ សូមទ្រង់ស្តេចឡើងកាន់ប្រាសាទ គឺព្រះធម៌ ប្រមើលមើលនូវប្រជុំជនអ្នកច្របូកច្របល់ដោយសេចក្តីសោក ដែលជាតិជរា កំពុងគ្របសង្កត់ មានឧបមេយ្យយ៉ាងនោះ។ បពិត្រព្រះអង្គ អ្នកមានព្យាយាម អ្នកឈ្នះសង្គ្រាម អ្នកដឹកនាំពួកវេនេយ្យសត្វ អ្នកឥតបំណុល សូមព្រះអង្គក្រោកឡើង ត្រាច់ទៅក្នុងលោក សូមព្រះមានព្រះភាគ ទ្រង់សំដែងធម៌ សត្វទាំងឡាយដែលបម្រុងនឹងត្រាស់ដឹងធម៌ ក៏មានដែរ។
[៤៦] ម្នាលភិក្ខុទាំងឡាយ កាលមហាព្រហ្មក្រាបបង្គំទូលយ៉ាងនេះហើយ ព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ទ្រង់ត្រាស់នឹងមហាព្រហ្មនោះ ដោយព្រះគាថាដូច្នេះថា
ទ្វារនៃព្រះនិព្វាន គឺអរិយមគ្គបើកដល់អ្នកហើយ សត្វទាំងឡាយណា មានសោតបសាទ សត្វទាំងនោះ ចូរបញ្ចេញនូវសទ្ធាមកចុះ ម្នាលព្រហ្ម តថាគតសំគាល់នូវសេចក្តីនឿយលំបាក បានជាមិនទាន់សំដែងធម៌ដ៏ឧត្តម ដែលតថាគតស្ទាត់ហើយ ក្នុងសំណាក់មនុស្សទាំងឡាយ។
ID: 636813854745290988
ទៅកាន់ទំព័រ៖