ព្រះត្រៃបិដក ភាគ ១៦
និងតិស្សបុរោហិតបុត្រ ក៏បង្គាប់ឲ្យទឹមយានល្អៗ ហើយឡើងកាន់យានល្អៗ ចេញចាកពន្ធុមតីរាជធានី ដោយយានល្អៗ បរសំដៅទៅរកខេមមិគទាយវ័ន រហូតដល់កន្លែងសម្រាប់ដាក់យាន លុះដល់ហើយ ក៏ចុះអំពីយាន ដើរទៅដោយជើងទទេ ចូលសំដៅទៅរកព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ហើយអង្គុយក្នុងទីដ៏សមគួរ។ ព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ទ្រង់សំដែងអនុបុព្វីកថា ដល់ជនទាំង២នាក់នោះ គឺទ្រង់ប្រកាសទានកថា១ សីលកថា១ សគ្គកថា១ ទោសនៃកាមទាំងឡាយ ដ៏លាមកសៅហ្មង១ អានិសង្សក្នុងការចេញបួស១។ លុះព្រះមានព្រះភាគ បានជ្រាបថា ជនទាំងពីរនាក់នោះ មានចិត្តស្រួល មានចិត្តទន់ មានចិត្តផុតចាកនីវរណធម៌ មានចិត្តខ្ពស់ឡើង មានចិត្តជ្រះថ្លា ក្នុងកាលណា ព្រះអង្គទ្រង់ប្រកាសធម្មទេសនា ដែលព្រះពុទ្ធទាំងឡាយ តែងលើកឡើងសំដែងដោយព្រះអង្គឯង គឺទុក្ខសច្ច១ សមុទយសច្ច១ និរោធសច្ច១ មគ្គសច្ច១ ក្នុងកាលណោះ។
ID: 636813855931918859
ទៅកាន់ទំព័រ៖