ព្រះត្រៃបិដក ភាគ ១៦
យើងខ្ញុំព្រះអង្គ សូមបាននូវបព្វជ្ជា សូមបាននូវឧបសម្បទា ក្នុងសំណាក់នៃព្រះមានព្រះភាគ។ ម្នាលភិក្ខុទាំងឡាយ ខណ្ឌរាជបុត្រ និងតិស្សបុរោហិតបុត្រ ក៏បានបព្វជ្ជា បានឧបសម្បទា ក្នុងសំណាក់នៃព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ។ ព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ទ្រង់ពន្យល់ជនទាំងនោះ ឲ្យឃើញច្បាស់ ឲ្យកាន់យក ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថា ហើយប្រកាសទោសនៃសង្ខារទាំងឡាយ ដ៏លាមកសៅហ្មង និងអានិសង្សក្នុងបព្វជ្ជា។ កាលព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ទ្រង់ណែនាំពន្យល់ជនទាំង២នោះ ឲ្យឃើញច្បាស់ ឲ្យកាន់យក ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថាហើយ មិនយូរប៉ុន្មាន ចិត្ត (របស់ជនទាំងពីរនោះ) ក៏រួចចាកអាសវៈទាំងឡាយ ព្រោះមិនប្រកាន់មាំ។
[៤៩] ម្នាលភិក្ខុទាំងឡាយ ពួកមហាជនក្នុងនគរពន្ធុមតីរាជធានីចំនួន៨ហ្មឺន៤ពាន់នាក់ បានឮដំណឹងថា ព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ទ្រង់ស្តេចមកដល់ពន្ធុមតីរាជធានីហើយ ឥឡូវទ្រង់គង់នៅនាខេមមិគទាយវ័ន បានឮថា ព្រះខណ្ឌរាជបុត្ត និងតិស្សបុរោហិតបុត្ត
ID: 636813856457988949
ទៅកាន់ទំព័រ៖