ព្រះត្រៃបិដក ភាគ ១៦
[៧] ម្នាលភិក្ខុទាំងឡាយ ព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ មានសាវកសន្និបាត (ប្រជុំសាវ័ក) ៣ដង គឺសាវកសន្និបាត មានភិក្ខុចំនួន៦លាន ៨សែនរូបម្តង សាវកសន្និបាត មានភិក្ខុ១សែនរូបម្តង សាវកសន្និបាត មានភិក្ខុ៨ហ្មឺនរូបម្តង។ ម្នាលភិក្ខុទាំងឡាយ សាវកសន្និបាត របស់ព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ទាំង៣ដងនេះ សុទ្ធតែជាខីណាស្រពទាំងអស់។ ម្នាលភិក្ខុទាំងឡាយ ព្រះសិខីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ មានសាវកសន្និបាត៣ដង គឺសាវកសន្និបាត មានភិក្ខុចំនួន១សែនរូបម្តង សាវកសន្និបាត មានភិក្ខុ៨ហ្មឺនរូបម្តង សាវកសន្និបាត មានភិក្ខុ៧ហ្មឺនរូបម្តង។ ម្នាលភិក្ខុទាំងឡាយ សាវកសន្និបាត របស់ព្រះសិខីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ទាំង៣ដងនេះ សុទ្ធតែជាខីណាស្រពទាំងអស់។
ID: 636813832017311022
ទៅកាន់ទំព័រ៖