ព្រះត្រៃបិដក ភាគ ១៦
[៥២] ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ ព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ទ្រង់ចេញអំពីទីសម្រាក នៅវេលាសាយណ្ហសម័យ ហើយត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ តថាគតចូលទៅនៅក្នុងរហោស្ថាន ជាទីសម្រាក មានសេចក្តីត្រិះរិះក្នុងចិត្តកើតឡើងយ៉ាងនេះថា ឥឡូវនេះ ភិក្ខុសង្ឃ ដែលនៅអាស្រ័យក្នុងពន្ធុមតីរាជធានីច្រើនណាស់ ចំនួន៦លាន៨សែនរូប បើដូច្នោះ គួរតែតថាគតអនុញ្ញាតដូច្នេះថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរទៅកាន់ចារិក ដើម្បីប្រយោជន៍ដល់ជនច្រើន ដើម្បីសេចក្តីសុខដល់ជនច្រើន ដើម្បីអនុគ្រោះដល់សត្វលោក ដើម្បីសេចក្តីចំរើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ អ្នកទាំងឡាយ ចូរកុំទៅពីររូប តាមផ្លូវ១ឡើយ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរសំដែងធម៌ ឲ្យមានលំអបទដើម បទកណ្តាល និងបទចុង ចូរប្រកាសព្រហ្មចរិយធម៌ឲ្យបរិសុទ្ធ ប្រកបដោយអត្ថ និងព្យញ្ជនៈ ដ៏ពេញបរិបូណ៌ទាំងអស់ សត្វទាំងឡាយ ក្នុងលោកនេះ ដែលមានធូលី គឺរាគាទិក្កិលេសតិច ក្នុងចក្ខុក៏មាន សត្វទាំងនោះ តែមិនបានស្តាប់ធម៌ នឹងសាបសូន្យ (ចាកមគ្គផល) ពួកសត្វដែលបម្រុងត្រាស់ដឹងធម៌ គង់មាន មួយទៀត កាលបើវេលាកន្លងទៅបាន៦ឆ្នាំៗហើយ
ID: 636813858892818213
ទៅកាន់ទំព័រ៖