ព្រះត្រៃបិដក ភាគ ១៦
ព្រះមានព្រះភាគ ទ្រង់សម្រេចព្រះឥរិយាបថ ក្នុងវេឡុវគ្រាមនោះ។ ក្នុងទីនោះឯង ព្រះមានព្រះភាគ ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ ចូរអ្នកទាំងឡាយមក ចូរអ្នកទាំងឡាយ ទៅចាំវស្សាក្នុងទីជិតៗក្រុងវេសាលី តាមបុគ្គលដែលជាមិត្ត តាមបុគ្គលដែលស្គាល់គ្នា តាមបុគ្គលដែលស្និទ្ធស្នាលនឹងគ្នាចុះ ចំណែកតថាគត នឹងនៅចាំវស្សាក្នុងវេឡុវគ្រាមនេះឯង។ ភិក្ខុទាំងនោះ ទទួលព្រះបន្ទូលព្រះមានព្រះភាគ ដោយពាក្យថា ព្រះករុណាព្រះអង្គ ហើយក៏នាំគ្នាទៅចាំវស្សាក្នុងទីជិតៗក្រុងវេសាលី តាមបុគ្គលដែលជាមិត្ត តាមបុគ្គលដែលស្គាល់គ្នា តាមបុគ្គលដែលស្និទ្ធស្នាលនឹងគ្នា។ ចំណែកខាងព្រះមានព្រះភាគ ទ្រង់ចាំវស្សាក្នុងវេឡុវគ្រាមនោះឯង។ កាលព្រះមានព្រះភាគ ទ្រង់គង់ចាំវស្សា ក៏មានព្រះអាពាធខ្លាំងក្លាកើតឡើង វេទនាដ៏មានកម្លាំង ស្ទើរនឹងដល់មរណៈ ក៏ប្រព្រឹត្តទៅ។ បានឮថា ក្នុងទីនោះ ព្រះមានព្រះភាគ ទ្រង់មានសតិ និងសម្បជញ្ញៈ មិនឲ្យទុក្ខវេទនាបៀតបៀនបាន ទ្រង់អត់សង្កត់ (ដោយអធិវាសនខន្តី)។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់មានព្រះតម្រិះយ៉ាងនេះថា តថាគតមិនបានប្រាប់ពួកភិក្ខុអ្នកបម្រើ និងមិនបានប្រាប់ភិក្ខុសង្ឃ ហើយបរិនិព្វានដោយហេតុណា ហេតុនោះ មិនសមគួរ
ID: 636814336863106550
ទៅកាន់ទំព័រ៖