ព្រះត្រៃបិដក ភាគ ១៦
ព្រោះហេតុដែលព្រះមានព្រះភាគ ទ្រង់ព្រះអាពាធ បពិត្រព្រះអង្គដ៏ចំរើន ប៉ុន្តែខ្ញុះព្រះអង្គ មានសេចក្តីសង្ឃឹមខ្លះថា ព្រះមានព្រះភាគ មិនទាន់សំដែងធម៌នីមួយដ៏ប្លែក ប្រារព្ធនឹងភិក្ខុសង្ឃដរាបណាទេ ព្រះមានព្រះភាគ នឹងមិនទាន់បរិនិព្វានដរាបនោះ។ ព្រះមានព្រះភាគត្រាស់ថា ម្នាលអានន្ទ ភិក្ខុសង្ឃនៅនឹកប៉ុនប៉ងអ្វីក្នុងតថាគតទៀត ម្នាលអានន្ទ ធម៌ដែលតថាគតសំដែងហើយ ធ្វើមិនឲ្យមានខាងក្នុងខាងក្រៅ ម្នាលអានន្ទ កណ្តាប់ដៃនៃអាចារ្យ មិនមានក្នុងធម៌ទាំងឡាយ របស់តថាគតទេ ម្នាលអានន្ទ អ្នកណាមានគំនិតយ៉ាងនេះថា អាត្មាអញនឹងគ្រប់គ្រងភិក្ខុសង្ឃដូច្នេះក្តី ថាភិក្ខុសង្ឃជាអ្នកអាងនូវអាត្មាអញដូច្នេះក្តី ម្នាលអានន្ទ អ្នកនោះសមជាពោលពាក្យណាមួយ ប្រារព្ធនឹងភិក្ខុសង្ឃមិនខាន។ ម្នាលអានន្ទ តថាគត មិនមានគំនិតយ៉ាងនេះថា អាត្មាអញ នឹងគ្រប់គ្រងសង្ឃដូច្នេះ ឬថា ភិក្ខុសង្ឃជាអ្នកអាង នូវអាត្មាអញដូច្នេះសោះឡើយ។ ម្នាលអានន្ទ ព្រះតថាគត នឹងពោលពាក្យណាមួយ ប្រារព្ធនឹងភិក្ខុសង្ឃ ធ្វើអ្វីទៀត។ ម្នាលអានន្ទ ឥឡូវនេះ តថាគតគ្រាំគ្រាហើយ ចម្រើនហើយ ចាស់ហើយ កន្លងអាយុកាល ដល់បច្ឆិមវ័យហើយ វ័យតថាគត បាន៨០ឆ្នាំហើយ។
ID: 636814337320562715
ទៅកាន់ទំព័រ៖