ព្រះត្រៃបិដក ភាគ ១៦
ឥន្ទ្រិយ៥ ពលៈ៥ ពោជ្ឈង្គ៧ អរិយមគ្គ ប្រកបដោយអង្គ៨។ ម្នាលភិក្ខុទាំងឡាយ សាសនព្រហ្មចរិយៈនេះ គប្បីតាំងនៅអស់កាលអង្វែង គប្បីតម្កល់នៅអស់កាលដ៏យូរ មួយទៀត សាសនព្រហ្មចរិយៈនោះ ប្រព្រឹត្តទៅដើម្បីប្រយោជន៍ដល់ជនច្រើន ដើម្បីសេចក្តីសុខដល់ជនច្រើន ដើម្បីអនុគ្រោះ ដល់សត្វលោក ដើម្បីសេចក្តីចម្រើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខដល់ទេវតា និងមនុស្សទាំងឡាយ ដោយប្រការណា ធម៌ទាំងឡាយណា ដែលតថាគតសម្តែងហើយ ដោយបញ្ញាដ៏ឧត្តម អ្នកទាំងឡាយ គប្បីរៀនដោយប្រពៃ ហើយសេព ចម្រើន ធ្វើឲ្យរឿយៗ ដោយប្រការដូច្នោះ ធម៌ទាំងឡាយនោះ យ៉ាងនេះឯង។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ឥឡូវនេះ តថាគតនឹងដាស់តឿនអ្នកទាំងឡាយ សង្ខារទាំងឡាយ មានសេចក្តីវិនាសទៅជាធម្មតា អ្នកទាំងឡាយ ចូរញ៉ាំងកិច្ចទាំងពួងឲ្យសម្រេច ដោយសេចក្តីមិនប្រមាទចុះ បរិនិព្វាន នឹងមានដល់តថាគត មិនយូរឡើយ កន្លង៣ខែ អំពីថ្ងៃនេះទៅ តថាគត នឹងបរិនិព្វានហើយ។ ព្រះមានព្រះភាគ ទ្រង់មានព្រះបន្ទូលដូច្នេះហើយ ព្រះសុគត ជាសាស្តា លុះទ្រង់មានព្រះបន្ទូលដូច្នេះហើយ ក៏ទ្រង់មានព្រះបន្ទូល ដូច្នេះ តទៅទៀតថា
ID: 636814420017192691
ទៅកាន់ទំព័រ៖