ព្រះត្រៃបិដក ភាគ ១៦
ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយកុំប្រមាទ ត្រូវមានស្មារតី មានសីលល្អ មានតម្រិះតម្កល់នឹងល្អ ចូររក្សាចិត្តរបស់ខ្លួនឲ្យរឿយៗចុះ។ ភិក្ខុណាមិនប្រមាទ ហើយនៅក្នុងធម្មវិន័យនេះ (ភិក្ខុនោះ) នឹងលះបង់ជាតិសង្សារ ហើយធ្វើនូវព្រះនិព្វាន ជាទីបំផុតនៃកងទុក្ខបានមិនខាន។
ចប់ ពុទ្ធភាណវារៈទី៣។
[១០៩] គ្រានោះ ព្រះមានព្រះភាគ ទ្រង់ស្បង់បាត្រ និងចីវរក្នុងបុព្វណ្ហសម័យ ទ្រង់ពុទ្ធដំណើរចូលទៅបិណ្ឌបាត ក្នុងក្រុងវេសាលី លុះស្តេចទៅបិណ្ឌបាត ក្នុងក្រុងវេសាលីហើយ ទ្រង់ត្រឡប់អំពីបិណ្ឌបាត ក្នុងវេលាខាងក្រោយភត្ត ទ្រង់ងាកក្រឡេកមើលនូវក្រុងវេសាលី ដូចជាដំរីដែលក្រឡេកបែរមើល (នូវទីខាងក្រោយ) ហើយត្រាស់នឹងព្រះអានន្ទមានអាយុថា ម្នាលអានន្ទ តថាគត ឃើញក្រុងវេសាលីម្តងនេះ ជាបច្ឆិមទស្សនៈ (ការឃើញទីបំផុត) ម្នាលអានន្ទ មកយើងនឹងទៅកាន់ភណ្ឌគ្រាម។
ID: 636814420734823738
ទៅកាន់ទំព័រ៖