ព្រះត្រៃបិដក ភាគ ១៦
ទ្រង់ស្តេចទៅកាន់ត្រើយខាងនាយ នៃស្ទឹងហិរញ្ញវតី នឹងចូលទៅកាន់សាលវ័ន របស់ពួកមល្លក្សត្រ ដែលជាទីចូលទៅ ក្នុងក្រុងកុសិនារា ព្រមដោយភិក្ខុសង្ឃជាច្រើន លុះចូលទៅដល់ហើយ ទ្រង់ត្រាស់នឹងព្រះអានន្ទមានអាយុថា ម្នាលអានន្ទ ចូរអ្នករៀបចំគ្រែ ឲ្យមានក្បាលដំណេកបែរទៅទិសខាងជើង ក្នុងចន្លោះនៃដើមសាលព្រឹក្សទាំងគូ ឲ្យតថាគតដោយឆាប់ ម្នាលអានន្ទ តថាគតមានកាយល្ហិតល្ហៃណាស់ តថាគតនឹងសិង។ ព្រះអានន្ទមានអាយុ ទទួលព្រះបន្ទូលនៃព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ ហើយរៀបចំគ្រែ ឲ្យមានក្បាលដំណេកបែរទៅទិសខាងជើង ក្នុងចន្លោះដើមសាលព្រឹក្សទាំងគូថ្វាយ គ្រានោះ ព្រះមានព្រះភាគ មានព្រះសតិសម្បជញ្ញៈ ទ្រង់សម្រេចសីហសេយ្យា ផ្អៀងទៅខាងស្តាំ ទ្រង់យកព្រះបាទឆ្វេង តម្រួតលើព្រះបាទស្តាំ។
[១២៩] សម័យនោះឯង សាលព្រឹក្សទាំងគូ ក៏មានផ្ការីកស្គុះស្គាយទាំងអស់ (តាំងពីគល់ ដល់ចុង) ដោយអកាលបុប្ផា (ផ្កាពុំជួកាល) សាលព្រឹក្សទាំងគូនោះ ក៏រោយរាយ បាចសាច (នូវផ្កា) លើសរីរៈព្រះតថាគត ដើម្បីបូជាព្រះតថាគត សូម្បីមន្ទារវបុស្ប (ផ្កាមន្ទារវៈ) ជាទិព្វ ក៏ធ្លាក់ចុះមកអំពីអាកាស ផ្កាទាំងនោះ ក៏រោយរាយ បាចសាច លើសរីរៈព្រះតថាគត ដើម្បីបូជាព្រះតថាគត។ ទាំងលំអិតខ្លឹមចន្ទន៍ជាទិព្វ ក៏ធ្លាក់ចុះមក
ID: 636814430318221877
ទៅកាន់ទំព័រ៖