ព្រះត្រៃបិដក ភាគ ១៦
នៅជាសេក្ខបុគ្គល មានកិច្ចគួរធ្វើតទៅទៀតនៅឡើយ ព្រះសាស្តារបស់អាត្មា ដែលជាអ្នកអនុគ្រោះ ដល់អាត្មាអញ នឹងទ្រង់បរិនិព្វាន។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ហៅភិក្ខុ១រូបមកថា ម្នាលភិក្ខុ អ្នកចូរទៅហៅអានន្ទ តាមពាក្យតថាគតថា ម្នាលអាវុសោអានន្ទ ព្រះសាស្តាទ្រង់ត្រាស់ឲ្យហៅអ្នក។ ភិក្ខុនោះ ទទួលព្រះបន្ទូលនៃព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ ហើយក៏ចូលទៅរកព្រះអានន្ទមានអាយុ លុះចូលទៅដល់ហើយ ក៏និយាយទៅនឹងព្រះអានន្ទមានអាយុដូច្នេះថា ម្នាលអាវុសោអានន្ទ ព្រះសាស្តាទ្រង់ត្រាស់ឲ្យហៅអ្នក។ ព្រះអានន្ទមានអាយុ ទទួលពាក្យរបស់ភិក្ខុនោះថា អើអាវុសោ ហើយក៏ចូលទៅគាល់នូវព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះព្រះអានន្ទមានអាយុ អង្គុយក្នុងទីសមគួរហើយ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលអានន្ទ ណ្ហើយ អ្នកកុំសោយសោក កុំខ្សឹកខ្សួលឡើយ ម្នាលអានន្ទ តថាគត បានប្រាប់អ្នកជាមុនហើយ យ៉ាងនេះថា សេចក្តីព្រាត់ប្រាស វិនាសប្រែប្រួល ចាកសត្វ និងសង្ខារ ជាទីស្រឡាញ់ ជាទីគាប់ចិត្តទាំងអស់ តែងមានជាធម្មតា ព្រោះហេតុនោះ បុគ្គលគប្បីបាននូវសេចក្តីមិនព្រាត់ប្រាសនោះ ក្នុងខន្ធប្បវត្តិនេះមកអំពីណា ធម្មជាតណាដែលកើតហើយ
ID: 636814437728845740
ទៅកាន់ទំព័រ៖