ព្រះត្រៃបិដក ភាគ ១៦
ទៅបានឡើយ ឯព្រះរាជកុមារ ក៏មានព្រះបន្ទូលថា នែនាយសារថី សំឡាញ់ស្មើចិត្ត បើដូច្នោះ ការទៅក្នុងឱទ្យានក្នុងថ្ងៃនេះ ល្មមប៉ុណ្ណឹងហើយ ឯងចូរចេញអំពីទីនេះ ត្រឡប់ទៅកាន់ខាងក្នុងបុរីវិញ បពិត្រព្រះសម្មតិទេព ខ្ញុំព្រះអង្គក៏ទទួលស្តាប់ព្រះបន្ទូលព្រះវិបស្សីកុមារ ដោយពាក្យថា បពិត្រព្រះសម្មតិទេព ព្រះករុណាថ្លៃវិសេស ហើយក៏ចេញអំពីឱទ្យាននោះ ត្រឡប់មកខាងក្នុងបុរីវិញ បពិត្រព្រះសម្មតិទេព លុះព្រះរាជកុមារនុ៎ះ ទៅដល់ខាងក្នុងបុរីហើយ ក៏មានសេចក្តីទុក្ខ តូចព្រះទ័យ សញ្ជប់សញ្ជឹងថា ថ្វឺយ អើហ្ន៎ ជរា តែងមានប្រាកដ ព្យាធិ តែងមានប្រាកដ ដល់សត្វលោកដែលកើតហើយ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះឯង ព្រះបាទពន្ធុមៈ មានព្រះតម្រិះដូច្នេះថា កុំឲ្យវិបស្សីកុមារខានសោយរាជ្យឡើយ កុំឲ្យវិបស្សីកុមារ ចេញចាកគេហដ្ឋាន ទៅបួសឡើយ កុំឲ្យពាក្យនៃពួកព្រាហ្មណ៍ ជាហោរាទៀងឡើយ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង ព្រះបាទពន្ធុមៈ ផ្គត់ផ្គង់ បម្រុងកាមគុណទាំង៥ ច្រើនឡើងទៀត ធ្វើយ៉ាងណា ឲ្យតែព្រះវិបស្សីកុមារនៅសោយរាជ្យសម្បត្តិបាន ធ្វើយ៉ាងណា ឲ្យតែព្រះវិបស្សីកុមារ ខានចេញចាកគេហដ្ឋាន ទៅទ្រង់ព្រះផ្នួស ធ្វើយ៉ាងណា ឲ្យតែពាក្យនៃពួកព្រាហ្មណ៍ ជាហោរាខុសទៅវិញ។
ID: 636813846183801299
ទៅកាន់ទំព័រ៖