ព្រះត្រៃបិដក ភាគ ១៦
ម្នាលភិក្ខុទាំងឡាយ លំដាប់នោះឯង ព្រះវិបស្សីកុមារ ទ្រង់មានព្រះរាជឱង្ការ នឹងនាយសារថីថា ហៃនាយសារថី ជាសំឡាញ់ស្មើចិត្ត បើដូច្នោះ ចូរឯងនាំយករថចេញ អំពីទីនេះ ត្រឡប់ទៅខាងក្នុងបុរីវិញចុះ ចំណែកអញ នឹងកោរសក់ ពុកមាត់ ពុកចង្កា ស្លៀកដណ្តប់សំពត់កាសាយៈទាំងឡាយ លះគេហដ្ឋាន បួសក្នុងទីនេះឯង។ ម្នាលភិក្ខុទាំងឡាយ នាយសារថី ទទួលស្តាប់ព្រះបន្ទូលនៃព្រះវិបស្សីកុមារ ដោយពាក្យថា បពិត្រព្រះអង្គ ព្រះករុណាវិសេស ហើយក៏នេះយករថចេញអំពីទីនោះ ត្រឡប់ទៅខាងក្នុងបុរីវិញ។ ព្រះវិបស្សីកុមារ ទ្រង់ដាក់ព្រះកេសា និងព្រះមស្សុ ទ្រង់កាសាវពស្ត្រទាំងឡាយ លះគេហដ្ឋាន ទ្រង់ព្រះផ្នួសក្នុងទីនោះឯង។ ម្នាលភិក្ខុទាំងឡាយ ឯពពួលមហាជន ក្នុងពន្ធុមតីរាជធានី ប្រមាណ៨ហ្មឺន៤ពាន់នាក់ បានឮដំណឹងថា ព្រះវិបស្សីកុមារ ទ្រង់ដាក់ព្រះកេសា និងព្រះមស្សុ ទ្រង់កាសាវពស្ត្រទាំងឡាយ លះគេហដ្ឋាន ទ្រង់ព្រះផ្នួសហើយ។ លុះពពួលមហាជនទាំងនោះ បានឮដំណឹងហើយ ក៏មានសេចក្តីត្រិះរិះដូច្នេះថា
ID: 636813848797190776
ទៅកាន់ទំព័រ៖