ព្រះត្រៃបិដក ភាគ ១៦
ឧបាយាសៈ ក៏រលត់ទៅ ការរលត់ទៅនៃកងទុក្ខទាំងអស់នេះ រមែងមានដោយអាការយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ ចក្ខុ ញាណ បញ្ញា វិជ្ជា ពន្លឺ ក្នុងធម៌ទាំងឡាយដែលមិនធ្លាប់ឮ ក្នុងកាលមុន ក៏កើតឡើង ដល់ព្រះវិបស្សីពោធិសត្វថា រលត់ រលត់ហ្ន៎។
[៤១] ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ លុះសម័យជាខាងក្រោយមក ព្រះវិបស្សីពោធិសត្វ ទ្រង់ពិចារណានូវការកើត និងការរលត់ទៅក្នុងឧបាទានក្ខន្ធទាំង៥ថា រូបយ៉ាងនេះ ការកើតឡើងនៃរូបយ៉ាងនេះ ការរលត់ទៅនៃរូបយ៉ាងនេះ វេទនាយ៉ាងនេះ ការកើតឡើងនៃវេទនាយ៉ាងនេះ ការរលត់ទៅនៃវេទនាយ៉ាងនេះ សញ្ញាយ៉ាងនេះ ការកើតឡើងនៃសញ្ញាយ៉ាងនេះ ការរលត់ទៅនៃសញ្ញាយ៉ាងនេះ សង្ខារទាំងឡាយយ៉ាងនេះ ការកើតឡើងនៃសង្ខារទាំងឡាយយ៉ាងនេះ ការរលត់ទៅនៃសង្ខារទាំងឡាយយ៉ាងនេះ វិញ្ញាណយ៉ាងនេះ ការកើតឡើងនៃវិញ្ញាណយ៉ាងនេះ ការរលត់ទៅនៃវិញ្ញាណយ៉ាងនេះ។ កាលដែលព្រះវិបស្សីពោធិសត្វ ទ្រង់ពិចារណា នូវកិរិយាកើតឡើង និងការរលត់ទៅ ក្នុងឧបាទានក្ខន្ធទាំង៥ មិនយូរប៉ុន្មាន ព្រះទ័យនៃព្រះអង្គ ក៏រួចស្រឡះ ចាកអាសវៈទាំងឡាយ ព្រោះមិនមានឧបាទាន។
ចប់ ទុតិយភាណវារៈ។
ID: 636813852131261474
ទៅកាន់ទំព័រ៖