ព្រះត្រៃបិដក ភាគ ១៦
ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរត្រាច់ទៅកាន់ចារិក ដើម្បីប្រយោជន៍ដល់ជនច្រើន ដើម្បីសេចក្តីសុខដល់ជនច្រើន ដើម្បីអនុគ្រោះដល់សត្វលោក ដើម្បីសេចក្តីចំរើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ អ្នកទាំងឡាយ ចូរកុំទៅពីររូបតាមផ្លូវ១ឡើយ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរសំដែងធម៌ ឲ្យមានលំអបទដើម បទកណ្តាល និងបទចុង ចូរប្រកាសព្រហ្មចរិយធម៌ដ៏បរិសុទ្ធ ប្រកបដោយអត្ថ និងព្យញ្ជនៈដ៏ពេញ បរិបូណ៌ទាំងអស់ សត្វទាំងឡាយក្នុងលោកនេះ ដែលមានធូលីគឺរាគាទិក្កិលេសតិចក្នុងភ្នែកក៏មាន សត្វទាំងនោះ តែខានស្តាប់ធម៌ នឹងសាបសូន្យ (ចាកមគ្គផល) ពួកសត្វដែលបម្រុងត្រាស់ដឹងធម៌ គង់មាន បពិត្រព្រះអង្គដ៏ចំរើន មួយវិញទៀត កាលបើវេលាកន្លងទៅបាន៦ឆ្នាំៗហើយ ភិក្ខុទាំងឡាយ នឹងចូលមកកាន់ពន្ធុមតីរាជធានី ដើម្បីសំដែងបាតិមោក្ខ យ៉ាងណា យើងខ្ញុំក៏នឹងធ្វើយ៉ាងនោះ។ ម្នាលភិក្ខុទាំងឡាយ មហាព្រហ្មនោះ បានពោលនូវពាក្យនេះ លុះពោលពាក្យនេះរួចហើយ ក៏ថ្វាយបង្គំលាព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ធ្វើប្រទក្សិណហើយ ក៏បាត់អំពីទីនោះទៅ។
ID: 636813858645314057
ទៅកាន់ទំព័រ៖