ព្រះត្រៃបិដក ភាគ ១៧
ក៏មានព្រះហឫទ័យជ្រះថ្លាថា អើយានដំរីល្អណាស់តើហ្ន៎ ប្រសិនបើចូលទៅបង្ហាត់បាន (ជាការប្រពៃ)។ ម្នាលអានន្ទ ឯហត្ថិរ័តន៍នោះ ក៏ដល់នូវការបង្ហាត់បាន ដូចជាដំរីអាជានេយ្យដ៏ល្អ ដែលគេបង្ហាត់បានបទល្អយូរអង្វែងហើយ។ ម្នាលអានន្ទ ព្រះបាទមហាសុទស្សនៈ កាលទ្រង់នឹងល្បងមើល ហត្ថិរ័តន៍នោះឯង មុនដម្បូង ទ្រង់ឡើងគង់ (លើហត្ថិរ័តន៍) ក្នុងវេលាព្រឹកព្រហាម ហើយស្តេចទៅត្រួតត្រានូវផែនដី មានសមុទ្រជាទីបំផុត រួចហើយ ស្តេចត្រឡប់មកសោយព្រះក្រយាហារ ក្នុងវេលាព្រឹកឯកុសាវតីរាជធានីវិញទាន់។ ម្នាលអានន្ទ ហត្ថិរ័តន៍ មានសភាពយ៉ាងនេះ បានកើតប្រាកដហើយ ដល់ព្រះបាទមហាសុទស្សនៈ។
[៤] ម្នាលអានន្ទ តទៅទៀត អស្សរ័តន៍ (សេះកែវ) ជាស្តេចសេះឈ្មោះវលាហកៈ មានសម្បុរសសុទ្ធ មានសម្បុរត្រង់ក្បាលខ្មៅ (រលើប) ដូចជាសម្បុរនៃកក្អែក មានសក់ (សក្បុស) ដូចបណ្តូលស្មៅយាប្លង ជាសេះមានឫទ្ធិអាចហោះទៅលើអាកាសបាន កើតប្រាកដដល់ព្រះបាទមហាសុទស្សនៈ។ លុះព្រះបាទមហាសុទស្សនៈ ទ្រង់ទតឃើញហើយ ក៏មានព្រះហឫទ័យជ្រះថ្លាថា អើយានសេះល្អណាស់តើហ្ន៎ ប្រសិនបើចូលទៅបង្ហាត់បាន (ជាការប្រពៃ)។ ម្នាលអានន្ទ លំដាប់នោះ អស្សរ័តន៍ ក៏ដល់នូវការបង្ហាត់បាន ដូចជាសេះអាជានេយ្យ
ID: 636816162791333671
ទៅកាន់ទំព័រ៖