ព្រះត្រៃបិដក ភាគ ១៧
មហាគោវិន្ទសូត្រ ទី៦
[៤៧] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់លើភ្នំគិជ្ឈកូដ ជិតក្រុងរាជគ្រឹះ។ គ្រានោះឯង បញ្ចសិខគន្ធព្វបុត្រ កាលរាត្រីកន្លងទៅហើយ (កន្លងបឋមយាម) បញ្ចេញរស្មីភ្លឺច្រាល ញុំាងភ្នំគិជ្ឈកូដទាំងអស់ឲ្យភ្លឺស្វាង ហើយចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ទើបថ្វាយបង្គំព្រះមានព្រះភាគ ហើយឋិតនៅក្នុងទីដ៏សមគួរ។ លុះបញ្ចសិខគន្ធព្វបុត្រ ឋិតនៅក្នុងទីដ៏សមគួរហើយ បានក្រាបបង្គំទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនឹងក្រាបទូល ព្រះមានព្រះភាគ នូវសេចក្តីដែលខ្ញុំព្រះអង្គ បានស្តាប់ក្នុងទីចំពោះមុខ បានទទួលក្នុងទីចំពោះមុខ នៃពួកទេវតាជាន់តាវត្តិង្ស។ ព្រះមានព្រះភាគ បានត្រាស់ថា ម្នាលបញ្ចសិខៈ អ្នកចូរប្រាប់តថាគតចុះ។ បញ្ចសិខគន្ធព្វបុត្រ ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ថ្ងៃមុនៗ ក្នុងតិថីទី១៥ ដែលជាថ្ងៃឧបោសថ ត្រូវនឹងថ្ងៃបវារណា ក្នុងរាត្រីមានព្រះចន្ទ្រពេញវង់ ពួកទេវតា ជាន់តាវត្តិង្សទាំងអស់ កំពុងអង្គុយប្រជុំក្នុងទេវសភា
(១) ឈ្មោះសុធម្មា
(១) រោងប្រជុំទេវតា
ID: 636816198669705796
ទៅកាន់ទំព័រ៖