ព្រះត្រៃបិដក ភាគ ១៧

កើត​ថ្មី​ ​ក្នុង​ជាន់​តាវត្តិង្ស​ ​ពួក​ទេវតា​ទាំងនោះ​ ​ក៏​រុងរឿង​ ​កន្លង​នូវ​ពួក​ទេវតា​ឯទៀត​ ​ដោយ​សម្បុរ​ផង​ ​ដោយ​យស​ផង​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រោះហេតុនោះ​ ​បាន​ជាពួក​ទេវតា​ជាន់​តាវត្តិង្ស​ ​មានចិត្ត​ត្រេកអរ​ ​រីករាយ​ ​កើត​បីតិសោមនស្ស​ថា​ ​អើហ្ន៎​ ​ពួក​កាយ​ទិព្វ​នៅ​ពេញ​ត្រៀបត្រា​ ​ពួក​អសុរកាយ​ ​បាត់​ទៅ​អស់​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​គ្រានោះ​ឯង​ ​សក្កទេវរាជ​ ​ជាធំ​ជាង​ពួក​ទេវតា​ ​ជ្រាប​នូវ​សេចក្តី​ជ្រះថ្លា​ ​របស់​ពួក​ទេវតា​ជាន់​តាវត្តិង្ស​ហើយ​ ​ក៏បាន​អនុមោទនា​ ​ដោយ​គាថា​ ​ទាំងឡាយ​នេះ​ថា​
​[​៤៨​]​ ​អើហ្ន៎​ ​ពួក​ទេវតា​ជាន់​តាវត្តិង្ស​ ​ព្រមទាំង​ព្រះឥន្ទ្រ​រីករាយ​ ​នមស្ការ​ ​ចំពោះ​ព្រះ​តថាគត​ផង​ ​ចំពោះ​ព្រះធម៌​ ​ជា​ធម៌​ដ៏​ល្អ​ផង​។​ ​ពួក​ទេវតា​ជាន់​តាវត្តិង្ស​ ​ក៏បាន​ឃើញ​ពួក​ទេវ​តា​ថ្មី​ៗ​ ​មាន​សម្បុរ​ ​មានយស​ ​ដែល​បាន​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​ ​ក្នុង​សំណាក់​នៃ​ព្រះ​សុគត​ ​ហើយ​មក​កើត​ក្នុង​ទេវលោក​នេះ​។​
ថយ | ទំព័រទី ១០៦ | បន្ទាប់
ID: 636816199154043499
ទៅកាន់ទំព័រ៖