ព្រះត្រៃបិដក ភាគ ១៧
ទាំងឡាយ ទាំងព្រះនិព្វាន ទាំងបដិបទា រមែងប្រៀបធៀបស្មើគ្នាបាន ដូច្នោះដែរ។ យើងពិចារណារកមើលនូវសាស្តា ជាអ្នកបញ្ញត្តនូវបដិបទា ជាទីទៅកាន់ព្រះនិព្វានយ៉ាងនេះ ដែលប្រកបដោយគុណនេះ ក្នុងចំណែកកាល ដែលកន្លងទៅហើយ មិនឃើញមានទេ ក្នុងកាលឥឡូវនេះ ក្រៅអំពីព្រះមានព្រះភាគអង្គនោះចេញហើយ ក៏មិនឃើញមានឡើយ។ ព្រះមានព្រះភាគ ទ្រង់បានពួកសេក្ខបុគ្គល ដែលឋិតនៅក្នុងបដិបទា ហើយនឹងព្រះខីណាស្រព ដែលមានព្រហ្មចរិយធម៌អប់រំស្រេចហើយជាគ្នីគ្នា តែព្រះមានព្រះភាគ ទ្រង់មិនជាប់ព្រះទ័យនឹងគ្នីគ្នានោះទេ ទ្រង់ប្រកបសេចក្តីត្រេកអរ តែមួយអង្គឯង។ យើងពិចារណារកមើលនូវសាស្តា ជាអ្នកប្រកបនូវសេចក្តីត្រេកអរតែម្នាក់ឯងយ៉ាងនេះ ដែលប្រកបដោយគុណនេះ ក្នុងចំណែកកាល ដែលកន្លងទៅហើយ មិនឃើញមាន ក្នុងកាលឥឡូវនេះ ក្រៅអំពីព្រះមានព្រះភាគអង្គនោះចេញហើយ ក៏មិនឃើញមានឡើយ។ លាភសម្រេចហើយ សេចក្តីសរសើរក៏សម្រេចហើយ ដល់ព្រះមានព្រះភាគអង្គនោះ ទាំងពួកក្សត្រ ក៏មានសភាពជាអ្នកស្រឡាញ់រាប់រកព្រះអង្គ ព្រះមានព្រះភាគ អង្គនោះ ប្រាសចាកសេចក្តីស្រវឹងហើយ រមែងសោយនូវអាហារ (តាមធម្មតា)។
ID: 636816203597227634
ទៅកាន់ទំព័រ៖